បឹងកេត រកឃើញអ្នកស្នង ស៊ូ យ៉ាទី ស្របពេលកីឡាករ ២រូបប្រកាសចូលនិវត្ដន៍

នូ មករា October 3, 2018


ភ្នំពេញ៖ ក្រុមបឹងកេតអែហ្វស៊ី បានរកឃើញអ្នកស្នងម្ចាស់អាវលេខ១ ជំនួសអ្នកចាំទី ស៊ូ យ៉ាទី ហើយ គឺកីឡាករ ហ៊ុល គឹមហ៊ុយ ដែលប្រកាសចុះកិច្ចសន្យាផ្លូវការ កាលពីល្ងាចមិញ ស្របពេលកីឡាករចាស់វស្សារបស់ខ្លួន ២រូប បានប្រកាសចូលនិវត្តន៍ពីអាជីពបាល់ទាត់ គឺខ្សែការពារ ខៀវ វិបុល និងខ្សែបម្រើ ឈុន សុធារ័ត្ន ។

សម្រាប់អាវលេខ១ របស់ក្លឹបបឹងកេត បានទំនេរពាក់កណ្ដាលរដូវកាលមកហើយ បន្ទាប់ពី ស៊ូ យ៉ាទី សម្រេចដើរចេញ ទៅរួមរស់ជាមួយក្រុមណាហ្គាវើលដ៍រួចមក ។ ទើបតែពេលនេះ ក្រុមមានប្រភពពីខេត្តកំពង់ចាមនេះ បានសម្រេចចុះកិច្ចសន្យាជាមួយអ្នកចាំទីជម្រើសជាតិយុវជន ហ៊ុល គឹមហ៊ុយ និងប្រកាសផ្ដល់អាវលេខ១ ដល់រូបគេតែម្ដង ។ ប៉ុន្ដែក្លឹបមិនបានបញ្ជាក់ពីរយៈពេលនៃកិច្ចសន្យាខាងលើនោះទេ ។

គួរបញ្ជាក់ថា គឹមហ៊ុយ អាចចូលរួមជាមួយក្រុមបឹងកេតបាន គឺក្រោយផុតកិច្ចសន្យាជាមួយសាលាបាល់ទាត់ជាតិបាទី ស្របពេលរូបគេ ទើបបានប្រឡង់ជាប់សញ្ញាបត្របាក់ឌុប ឆ្នាំ២០១៨ ជាមួយនិទ្ទេស E កាលពីពេលថ្មីៗ ។ អ្នកចាំទីវ័យក្មេងរូបនេះ ធ្លាប់បានបង្ហាញសមត្ថភាពជាមួយក្រុមជម្រើសជាតិយុវជនជាច្រើន រហូតកាលពីពាក់កណ្ដាលឆ្នាំ២០១៧ ត្រូវបានលោក Leonardo Vitorino កោះហៅចូលហាត់ជាមួយក្រុមធំ នៃក្រុមជម្រើសជាតិកម្ពុជា ចូលរួមប្រកួតជម្រុះពានរង្វាន់ AFC Asian Cup ទៀតផង ។

ដោយឡែកកីឡាករ ខៀវ វិបុល ក៏ព្រោះតែបញ្ហារបួស បានបង្ខំឲ្យគេប្រកាសចូលនិវត្ដន៍ ។ ឯកីឡាករ ឈុន សុធារ័ត្ន គេបានប្រកាសចូលនិវត្ដន៍ ព្រោះចង់អភិវឌ្ឍន៍ខ្លួនឲ្យក្លាយជាគ្រូបង្វឹកវិញម្ដង ។ ជាក់ស្ដែងក្រោយប្រកាសព្យួរស្បែកជើងពីអាជីពកីឡាករ សុធារ័ត្ន បានបញ្ជាក់ថា នឹងប្ដូរទៅធ្វើជាគ្រូជំនួយរបស់ក្រុមបឹងកេតវិញម្ដង ហើយគេបានប្ដេជ្ញានឹងខិតខំប្រឹងប្រែងសិក្សារៀនសូត្រ និងស្វែងយល់ពីតួនាទីមួយនេះឲ្យបានច្រើន ដើម្បីទទួលបានផ្លែផ្កាល្អប្រសើរ ៕

អត្ថបទ៖ បុត្រា

មតិយោបល់