គ្រូបង្វឹកបរទេស ២រូបតាមចែចូវចង់ដឹកនាំភ្នំពេញក្រោននារដូវកាលក្រោយ!

នូ មករា October 3, 2018


ភ្នំពេញ៖ តាមប្រភពព័ត៌មានដែលជិតស្និទ្ធនឹងក្លឹបបាល់ទាត់ភ្នំពេញក្រោន បានបង្ហើបឲ្យដឹងថា មកទល់ពេលនេះមានសមាសភាពគ្រូបង្វឹក ​២រូបដែលសុទ្ធតែជាជនជាតិបរទេសកំពុងតែតាមចែចូវចង់ដឹកនាំក្រុមជើងឯក ៦សម័យកាលនេះក្រោយការចាកចេញរបស់ លោក Sean ពីតួនាទីជាគ្រូធំមិនទាន់បានប៉ុន្មានថ្ងៃផងនោះ​ ។

តាមប្រភពដដែលបានបញ្ជាក់ថា កំឡុងពេលនេះថ្នាក់ដឹកនាំក្លឹបកំពុងស្ថិតក្នុងដំណាក់កាលចរចារគ្នានៅឡើយពោលគឺមិនទាន់សម្រេចជ្រើសរើសយកបេក្ខជនណាមួយជាផ្លូវការនៅឡើយទេ ខណៈដែលសមាសភាពគ្រូបង្វឹកទាំងពីរមានម្នាក់មកពីតំបន់អឺរ៉ុប និងធ្លាប់មានបទពិសោធន៍ដឹកនាំក្រុមជម្រើសជាតិមួយនៅទ្វីបអាហ្វ្រិក ចំណែកមួយរូបទៀតជាជនជាតិអាសុីហើយមានប្រវត្តិដឹកនាំក្រុមមួយចំនួននៅប្រទេសថៃ និងឡាវផងដែរ ។

ប្រភពខាងលើបានបន្ថែមថា គ្រូបង្វឹកទាំង ២បានព្យាយាមទំនាក់ទំនងមកកាន់ថ្នាក់ដឹកនាំក្លឹបតាំងពីពាក់កណ្តាលរដូវកាលឆ្នាំ២០១៨នេះមកម្ល៉េះ ដោយពួកគេបានបង្ហាញចេតនាចង់ចូលរួមដឹកនាំក្រុមភ្នំពេញក្រោនឲ្យទទួលបានជោគជ័យជាពិសេសនៅរដូវកាលក្រោយតែម្តង ដោយបានលើកឡើងថា ធនធានយុវជននៅទីនេះគឺជាកម្លាំងចលករដ៏ល្អ គួបផ្សំនឹងហេដ្ឋារចនាសម្ព័ន្ធនានារបស់ក្លឹបផងដែរនោះ ៕

អត្ថបទ៖ មករា​

មតិយោបល់