ណាហ្គាវើលដ៍ គ្រោងនាំចូលយុវជន មកពង្រឹងកៅអីជើងឯករដូវកាលក្រោយ

នូ មករា October 2, 2018


ភ្នំពេញ៖ បន្ទាប់ពីជួយក្រុមណាហ្គាវើល លើកពានលីគកំពូលកម្ពុជា ឆ្នាំ២០១៨ គេឃើញកីឡាករមួយចំនួន ត្រូវផុតកុងត្រា ហើយក៏មិនទាន់ដឹងពីអនាគត ត្រូវបន្ដ ឬឈប់ជាមួយក្រុមជើងឯក ៣សម័យកាលនេះដែរ ។ ប៉ុន្ដែគ្រូបង្វឹកលោក មាស ចាន់ណា បានបញ្ជាក់ថា លោកមិនខ្វល់រឿងត្រូវបន្ដ ឬឈប់របស់កីឡាករមួយចំនួននោះទេ តែលោកនឹងព្យាយាមស្វែងរកយុវជនថ្នាល ដើម្បីត្រៀមរដូវកាលថ្មី ឆ្នាំ២០១៩ កាន់តែល្អប្រសើរ ។

គ្រូបង្វឹកកម្រិត A-License ដដែលបានបញ្ជាក់ថា លោកនឹងកោះប្រជុំ ដើម្បីជជែកជាមួយកីឡាករត្រូវផុតកុងត្រាក្នុងពេលឆាប់ៗ ដើម្បីដឹងថា កីឡាករណាត្រូវនៅ ហើយកីឡាករណាត្រូវទៅ ហើយលោកនឹងស្វែងរកយុវជនឆ្នើម មកជំនួយកៅអីអ្នកមិនបន្ដ ។ លោកថា៖ «ទោះមានអ្នកចេញ ឬអ្នកនៅក៏ដោយ ជម្រើសខ្ញុំ ឆ្នាំក្រោយ ខ្ញុំនឹងព្យាយាមបន្ថែមយុវជនឲ្យបានច្រើន ព្រោះខ្ញុំឃើញយុវជនបច្ចុប្បន្ន ពីមួយឆ្នាំទៅមួយឆ្នាំ មានអ្នកល្អៗច្រើន ហើយឥលូវយើងក៏បានសម្លឹងឃើញយុវជន ដែលយើងត្រូវនាំយកមកពង្រឹងនារដូវកាលក្រោយដែរ» ។

យ៉ាងណាមិញលោក មាស ចាន់ណា មិនបានបញ្ជាក់ពីកីឡាកររូបណាខ្លះ ត្រូវផុតកុត្រា ក្រោយបញ្ចប់ការប្រកួតក្របខណ្ឌលីគកំពូលកម្ពុជា ឆ្នាំ២០១៨ នោះទេ គ្រាន់តែលោកបង្ហើបថា មានអ្នកត្រូវផុតកុងត្រាច្រើន ។ ប៉ុន្ដែទោះជាបែបនេះក្ដី លោកមិនព្រួយបារម្ភ ចំពោះការប្រកួតនារដូវក្រោយនោះទេ ហើយលោកបានត្រៀមខ្លួនជាស្រេច ដើម្បីរៀបចំក្រុមណាហ្គាវើលឲ្យបានកាន់តែខ្លាំង ដើម្បីការពារតំណែងជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០១៩ ក៏ដូចជាការស្វែងរកលទ្ធផលកាន់តែល្អប្រសើរ ក្នុងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន លើកទី១៣ ផងដែរ ៕

 

អត្ថបទ៖ បុត្រា

មតិយោបល់