U17បាទី ចេញទៅប្រកួតពាន JENESYS 2018 នៅជប៉ុនយប់នេះ

នូ មករា October 2, 2018


ភ្នំពេញ៖ ក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី អាយុក្រោម ១៧ឆ្នាំ នឹងធ្វើដំណើរចាកចេញពីមាតុភូមិ ឆ្ពោះទៅប្រទេសជប៉ុន នាវេលាម៉ោង ៧៖៣០នាទីយប់នេះ ដើម្បីចូលរួមប្រកួតពានរង្វាន់ Japan-Mekong U-17 Football Tournament ឆ្នាំ២០១៨ ចាប់ពីថ្ងៃទី០៥-០៨ ខែតុលាខាងមុខ នៅទីនោះ ។

បេសកកម្មរបស់ក្រុម U17បាទីនេះ ធ្វើឡើងក្រោយមានការអញ្ជើញពីក្រសួងការបរទេសជប៉ុន ដោយមានកីឡាករសរុប ២០នាក់ ដឹកនាំដោយគ្រូបង្វឹកជនជាតិជប៉ុនលោក Musashi Mizushima ។ កម្មវិធីនេះ ផ្ដោតលើការផ្លាស់ប្ដូរបណ្ដាញសិស្ស-និស្សិត និងយុវជនរវាងប្រទេសជប៉ុន និងបណ្ដាប្រទេសអាស៊ីខាងកើត ដែលហៅកាត់ថា JENESYS 2018 ។

ចំពោះការប្រកួតនឹងចាប់ផ្ដើមនៅថ្ងៃទី០៥ ខែតុលាខាងមុខ ដោយក្រុម U17បាទីរបស់កម្ពុជា ស្ថិតក្នុងពូលB ជាមួយក្រុមយុវជនមីយ៉ាន់ម៉ា វៀតណាម និងក្រុមម្ចាស់ផ្ទះជប៉ុន ១ក្រុម ខណៈប្រកួតបើកឆាកកម្ពុជា ត្រូវជួបម្ចាស់ផ្ទះជប៉ុនមុនគេ នាថ្ងៃសុក្រចុងសប្ដាហ៍នេះ ។ រីឯពូល A មានក្រុម Shoshi High School, ក្រុម Bellmare, ក្រុមយុវជនឡាវ និងក្រុមយុវជនថៃ ៕

អត្ថបទ៖ បុត្រា

មតិយោបល់