ស៊ូ យ៉ាទី ប្រឈមអត់បានជួយជម្រើសជាតិដល់ Suzuki Cup!

នូ មករា October 1, 2018


ភ្នំពេញ៖ អ្នកចាំទីលំដាប់ដៃទី១ របស់ក្រុមជើងឯកណាហ្គាវើល ស៊ូ យ៉ាទី ភាគរយខ្ពស់មិនអាចចូលរួមជាមួយក្រុមជម្រើសជាតិកម្ពុជា ក្នុងជំនួបមិត្តភាពអន្ដរជាតិជាមួយក្រុមជម្រើសជាតិទីម័រខាងកើត និងសិង្ហបុរី នាពេលឆាប់ៗខាងមុខនេះឡើយ ហើយថែមទាំងប្រឈមអវត្តមានរហូតដល់ពានរង្វាន់ AFF Suzuki Cup 2018 ទៀតផង ដោយសារបញ្ហារបួសប្រេះឆ្ពឹងដៃខាងឆ្វេង ។

ស៊ូ យ៉ាទី បានឲ្យដឹងថា របួសរបស់ខ្លួន បានកើតឡើងអំឡុងការប្រកួតមួយ មុនពេលខ្លួន ត្រូវអវត្តមានក្នុងការប្រកួតចុងក្រោយរបស់ណាហ្គាវើល ជាមួយក្រុមប៉ូលិស កាលពីចុងសប្ដាហ៍កន្លងទៅ ។ យ៉ាទី និយាយថា៖ «ដៃខ្ញុំប្រេះឆ្អឹង ហើយអាចសម្រាក ១ខែ ទៅ ១ខែកន្លះ ទើបអាចចូលហ្វឹកហាត់បាន ។ របួសនេះ អាចប៉ះពាល់ដល់ទម្រង់លេងរបស់ខ្ញុំ ព្រោះខ្ញុំត្រូវសម្រាកយូ ហើយការប្រមូលផ្ដុំជម្រើសជាតិក្នុងពេលឆាប់ៗ ខ្ញុំមានការសោកស្ដាយ ព្រោះខ្ញុំមានបញ្ហារបួសអញ្ចឹង ខ្ញុំក៏មិនចង់ដែរ ចឹងខ្ញុំមិនអាចចូលរួមបានទេ» ។

អតីតអ្នកចាំទីក្រុមបឹងកេតរូបនេះ បន្ដថា ថ្មីៗនេះក្រុមការងារក្រុមជម្រើសជាតិ បានទាក់ទងរូបគេហើយ តែខ្លួនបានត្រឹមសុំទោស ព្រោះមានរបួសមិនអាចចូលរួមជាមួយក្រុមជម្រើសជាតិ ខណៈដំណើរឆ្ពោះទៅពាន AFF Suzuki Cup ក៏មិនទាន់ច្បាស់ដែរ ។ យ៉ាទី បន្ដថា៖ «ចំពោះពាន AFF Suzuki Cup ខ្ញុំក៏មិនទាន់ច្បាស់ដែរ ដឹងជាទាន់ ឬអត់ទេ ព្រោះវេជ្ជបណ្ឌិតបានបញ្ជាក់ថា ១ខែ ឬ ១ខែកន្លះ ទើបខ្ញុំអាចហាត់បាន ។ ប៉ុន្ដែខ្ញុំនឹងព្យាយាមអនុវត្តតាមវេជ្ជបណ្ឌិត ដើម្បីធ្វើឲ្យដៃខ្ញុំឆាប់ជា និងបានជួយក្រុមជម្រើសជាតិវិញ បើសិនគ្រូបង្វឹកផ្ដល់ឱកាស តែបើជាមិនទាន់ យើងនឹងមានតែបណ្ដោយតាមហ្នឹងទៅ» ។

គួរបញ្ជាក់ថា ក្រុមជម្រើសជាតិកម្ពុជា គ្រោងធ្វើការប្រមូលផ្ដុំក្នុងពេលឆាប់ៗ ដើម្បីត្រៀមប្រកួតមិត្តភាពអន្ដរជាតិជាមួយទីម័រខាងកើត នាថ្ងៃទី១២ ខែតុលា និងបន្ដជួបសិង្ហបុរី នាថ្ងៃទី១៦ ខែតុលា នៅលើទីលានពហុកីឡដ្ឋានជាតិ ដើម្បីពង្រឹងសមត្ថភាពត្រៀមចូលរួមប្រកួតពានរង្វាន់ AFF Suzuki Cup 2018 ប្រចាំពូលA ដែលនឹងចាប់ផ្ដើមការប្រកួតនាខែវិច្ឆិកា ខណៈប្រកួតបើកឆាក កម្ពុជា ត្រូវបើកទ្វារផ្ទះទទួលក្រុមជម្រើសជាតិម៉ាឡេស៊ី នាថ្ងៃទី០៨ ខែវិច្ឆិកាខាងមុខ ក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅថ្មីរបស់ក្រុមជម្រើសជាតិកម្ពុជា គឺអតីតកីឡាករជម្រើសជាតិជប៉ុនលោក Keisuke Honda ៕

អត្ថបទ៖ បុត្រា

មតិយោបល់