ក្ដៅៗ! ភ្នំពេញក្រោន ប្រកាសចែកផ្លូវជាមួយគ្រូបង្វឹកលោក Sean Sainbury ហើយ

នូ មករា October 1, 2018


ភ្នំពេញ៖ ក្រោយបញ្ចប់បេសកកម្មក្នុងការប្រកួតក្របខណ្ឌលីគកំពូលកម្ពុជា ឆ្នាំ២០១៨ ត្រឹមចំណាត់ថ្នាក់លេខ៥ ក្លឹបបាល់ទាត់ភ្នំពេញក្រោន បានប្រកាសចែកផ្លូវគ្នាជាមួយគ្រូបង្វឹកលោក Sean Sainbury ជាផ្លូវការហើយ ។ នេះបើយោងតាមការជូនដំណឹងលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្លឹបភ្នំពេញក្រោន នាថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៨ ។

ចំពោះសមិទ្ធិផលរបស់ក្រុមភ្នំពេញក្រោន ក្រោមការដឹកនាំរបស់គ្រូបង្វឹកជនជាតិអង់គ្លេសខាងលើ ក្នុងក្របខណ្ឌលីគកំពូលកម្ពុជា ឆ្នាំ២០១៨ លោកបានជួយអតីតក្រុមជើងឯក ៦សម័យកាលនេះឈរចំណាត់ថ្នាក់លេខ៥ ក្នុងចំណោម ១២ក្រុម ជាមួយលទ្ធផល ២២ប្រកួតឈ្នះ១១ ស្មើ៣ និងចាញ់ ៨ប្រកួតមាន ៣៦ពិន្ទុ និងធ្លាក់ត្រឹមវគ្គ ១/៤ផ្ដាច់ព្រ័ត្រ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-Hun Sen Cup លើកទី១២ ។ សូមបញ្ជាក់ដែរថា គ្រូបង្វឹកជនជាតិអង់គ្លេសរូបនេះបានដឹកនាំក្រុមភ្នំពេញក្រោនក្នុងការប្រកួតផ្លូវការដែលសរុបទាំងអស់មានចំនួន៣១ប្រកួត ក្នុងនោះប្រកួតឈ្នះចំនួន១៧លើក ស្មើចំនួន៣លើក និងចាញ់ចំនួន១១លើក ៕

យ៉ាងណាមិញ ថ្នាក់ដឹកនាំ ក៏ដូចជាក្រុមការងារ នៃក្លឹបបាល់ទាត់ភ្នំពេញក្រោន ក៏បានថ្លែងអំណរគុណ ចំពោះការខិតខំប្រឹងប្រែងរបស់លោក Sean Sainbury ក្នុងការដឹកនាំក្រុមភ្នំពេញក្រោនពេញ ១រដូវកាល និងបានជូនពរលោកទទួលបាននូវជោគជ័យ ក្នុងអាជីពជាបន្ដទៀតផងដែរ ៕

អត្ថបទ៖ បុត្រា-មករា

មតិយោបល់