គ្រូណាហ្គា សប្បាយចិត្តស្ទើរស្មើលើកពាន ចំពោះគ្រាប់បាល់កូនពៅលត់ប៉ូលិស ៦-២

នូ មករា October 1, 2018


ភ្នំពេញ៖ លោក មាស ចាន់ណា គ្រូបង្វឹកក្រុមណាហ្គាវើលដ៍ បានសម្ដែងនូវការសប្បាយចិត្តកាន់តែខ្លាំង ស្ទើរប្រៀបស្មើនឹងក្រុមខ្លួនលើកពាន បន្ទាប់ពីកីឡាករ Bisan George រកបានគ្រាប់បាល់ចុងក្រោយ ជួយក្រុមណាហ្គាវើល លត់ក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ(ប៉ូលិស) ៦-២ ដែលជាគ្រាប់បាល់កូនពៅ សម្រាប់រដូវកាលឆ្នាំ២០១៨ មុនលើកពានលីគកំពូលកម្ពុជាផ្លូវការ កាលពីយប់ថ្ងៃសៅរ៍ នៅពហុកីឡដ្ឋានជាតិ ។

ក្រោយដឹកនាំក្រុមក្នុងចំណោម ២២ប្រកួតឈ្នះ១៨ ស្មើ២ និងចាញ់២ មាន ៥៦ពិន្ទុ ដើម្បីលើកពានលីគកំពូលកម្ពុជា លើកទី៣ លោក មាស ចាន់ណា បានបង្ហាញនូវមោទកភាព ចំពោះការជួយក្រុមលើកពាន ក្នុងរជ្ជកាលលោកដឹកនាំ ពិសេសលោកបានអរគុណ ចំពោះការខិតខំប្រឹងប្រែងរបស់កីឡាករម្នាក់ៗតែម្ដង ។ ទន្ទឹមជាមួយគ្នា លោកកាន់តែសប្បាយចិត្ត ចំពោះគ្រាប់បាល់ចុងក្រោយរបស់ George ដែលធ្វើឲ្យគេទទួលបានស្បែកជើងមាស កាលពីយប់ថ្ងៃសៅរ៍ ។

គ្រូបង្វឹកកាន់សញ្ញាបត្រ A-License ដដែលបាននិយាយថា៖ «ខ្ញុំសប្បាយចិត្តមែនទែន នូវគ្រាប់បាល់ចុងក្រោយ ដែល George តែតចូល ។ អារម្មណ៍ពិតរបស់ខ្ញុំ ទោះអ្នកផ្សេង ទាត់ចូលក៏មិនសូវសប្បាយចិត្តដែរ ពីព្រោះយើងឈ្នះពានហើយៗ អុីចឹងខ្ញុំរំពឹងថា George នឹងព្យាយាមរកបាន ១គ្រាប់ទៀត ដើម្បីគ្រងកំពូលតារាង Top-Scorers(អ្នកបាល់បញ្ចូលទីច្រើនជាងគេ) ហើយទីបំផុតគាត់ពិតជាធ្វើបានសម្រេចមែន ដោយសារយើងផ្ដល់ព័ត៌មានទៅ គាត់ទទួលយកបានភ្លាមៗ» ។

គួរបញ្ជាក់ថា ក្នុងចំណោមជ័យជម្នះ ៦-២ លើក្រុមប៉ូលិសកាលពីយប់មិញ ក្នុងនោះ ៤គ្រាប់ធ្វើសម្រេចដោយ Bisan George ខណៈគ្រាប់បាល់កូនពៅ រកបាននៅនាទី៩០ ដែលធ្វើឲ្យគេឈរកំពូលតារាង Top-Scorers មាន ២៨គ្រាប់ ។ តែបើសិនគ្មានគ្រាប់បាល់ចុងក្រោយទេ George ត្រូវមានគ្រាប់បាល់ស្មើកីឡាកររបស់អាស៊ីអឺរ៉ុប Privat គ្រាដែលនៅរសៀលថ្ងៃជាមួយគ្នា Privat រកបាន ៥គ្រាប់ម្នាក់ឯងឯណោះ ដើម្បីជួយក្រុមលត់ម្ចាស់ផ្ទះវេស្ទើន ៧-៣ ធ្វើឲ្យរូបគេរកបានគ្រាប់បាល់សរុប ២៧គ្រាប់  ៕

អត្ថបទ៖ បុត្រា

មតិយោបល់