ភ្នំពេញក្រោន សងសឹកបឹងកេត បានសម្រេច ចំពោះមុខអ្នកគាំទ្រជាង ៣,០០០នាក់

នូ មករា October 1, 2018


ភ្នំពេញ៖ ទីបំផុតក្រុមបាល់ទាត់ភ្នំពេញក្រោន បានសម្រេចបំណងសងសឹកក្រុមបឹងកេតវិញហើយ ដោយបានយកឈ្នះជាមួយលទ្ធផល ២-១ ក្នុងជំនួបបង្គ្រប់កិច្ចសប្ដាហ៍ទី២២ នៃលីគកំពូលកម្ពុជា ឆ្នាំ២០១៨ នៅលើទីលានពហុកីឡដ្ឋានជាតិកាលពីយប់មិញ បន្ទាប់ពីបរាជ័យក្នុងដីកាលពីជើងទី១ ដោយលទ្ធផល ៣-២ ។

បើទោះបីជាការប្រកួតបង្ហើយកិច្ចក្ដី ប៉ុន្ដែក្រុមទាំងពីរ មិនបានធ្វើឲ្យអ្នកទស្សនាផ្ទាល់ជាង ៣,០០០នាក់ខកចិត្តនោះទេ ដោយពួកគេបានបើកការវាយសម្រុកលើគ្នាទៅវិញទៅមក រហូតមានការពិន័យកាតក្រហមលើកីឡាករម្ខាងម្នាក់ នៅនាទី២២ ទៀតផង ។

ប៉ុន្ដែការបាត់បង់សមាជិកនេះ មិនបានធ្វើឲ្យភ្នំពេញក្រោន ក៏ដូចជាបឹងកេត ធ្លាក់ចុះកម្លាំងប្រយុទ្ធឡើយ ដោយព្យាយាមបុកទៅបុកមក រហូតដល់នាទី៤២ ទើបកីឡាករ អ៊ន ចាន់ប៊ូលីន បំប៉ោងសំណាញ់ក្រុមបឹងកេតបានសម្រេច ១គ្រាប់មុនចប់វគ្គទី១ ។

ចូលដល់វគ្គទី២ ក្រុមជើងខ្លាំង ដែលអ្នកគាំទ្រចាត់ទុកជាជំនួបគូឯកប្រចាំលីគកំពូលកម្ពុជាដដែល នៅតែរក្សាការដាក់សម្ពាធរៀងៗខ្លួន ប៉ុន្ដែទីបំផុតក្រុមភ្នំពេញក្រោន បានបន្ថែម ១គ្រាប់ទៀត នៅនាទី៨៨ ដែលធ្វើសម្រេចដោយកីឡាករ Junior Valci ។ តែមុនអាជ្ញាកណ្ដាលផ្លុំកញ្ចែបញ្ចប់ការប្រកួតពេញម៉ោង ទើបកីឡាករ Julius រកបាន ១គ្រាប់ឲ្យក្រុមបឹងកេត ។

ជាមួយនឹងជ័យជម្នះនេះ បានធ្វើឲ្យភ្នំពេញក្រោន រក្សាបាននូវកៅអីចំណាត់ថ្នាក់លេខ៥ ដោយមាន ៣៦ពិន្ទុ ស្របពេលក្រុមបឹងកេត បានឈរកៅអីជើងឯករង ដោយមាន ៤៩ពិន្ទុ ក្រោយឆ្លងកាត់ ២២ប្រកួតដូចគ្នា ៕

អត្ថបទ៖ បុត្រា

មតិយោបល់