អ្នកចាត់ការក្រុមបឹងកេតថា ភ្នំពេញក្រោន នៅតែជាក្រុមដ៏ខ្លាំង ទោះមានបញ្ហាច្រើនក្ដី

នូ មករា September 29, 2018


ភ្នំពេញ៖ ក្រុមភ្នំពេញក្រោន និងក្រុមបឹងកេតអែហ្វស៊ី ដែលជាក្រុមលំដាប់កំពូលនៃលីគកំពូលកម្ពុជា នឹងត្រូវជួបគ្នាក្នុងសប្ដាហ៍ចុងក្រោយ នៅលើទីលានពហុកីឡដ្ឋានជាតិ នាវេលាម៉ោង ៦ល្ងាចថ្ងៃទី៣០ ខែកញ្ញាស្អែកនេះ ខណៈអ្នកគាំទ្រអាចចូលរួមទស្សនាបានដោយសេរី ពោលគឺមិនមានការលក់សំបុត្រឡើយ ។

ប៉ុន្ដែមុនជួបគ្នា អ្នកចាត់ការទូទៅក្រុមបឹងកេតលោក បែ មករា បានចាត់ទុកការប្រកួតនេះ គឺជាជំនួបអស្ចារ្យ ស្របពេលលោកបាននៅតែទទួលស្គាល់ក្រុមភ្នំពេញក្រោន គឺជាក្រុមដ៏ល្អ បើទោះបីរដូវកាលនេះ លោកមើលឃើញក្រុមភ្នំពេញក្រោនហាក់មានបញ្ហាច្រើនក៏ដោយ ។ លោកថា ពេលជួបក្រុមណា លោកមិនដឹងទេ តែការជួបភ្នំពេញក្រោន ពិតជាគូពិសេស ដែលអ្នកគាំទ្រទន្ទឹងរង់ចាំទស្សនា និងបានចាត់ទុកជាគូឯកប្រចាំលីគ ។ ដូច្នេះលោកនឹងជំរុញកីឡាកររបស់ខ្លួន ធ្វើឲ្យបានល្អ ដើម្បីប្រជែងជ័យជម្នះជាមួយក្រុមភ្នំពេញក្រោន ។

លោកថា៖ «ខ្ញុំគិតថា ភ្នំពេញក្រោន គាត់លេងល្អ ប៉ុន្ដែពេលខ្លះ ខ្ញុំអត់ដឹងថា ការរៀបចំ ឬមួយយ៉ាងម៉េចទេ ប៉ុន្ដែកីឡាករគាត់ភាគច្រើន មានក្មេងៗ ហើយលេងបានល្អ តែគាត់ប្រហែលជាខ្វះអ្នកមានបទពិសោធន៍ក្នុងការនាំលេងលើទីលាន ឬកីឡាករបរទេសហ្នឹងយ៉ាងម៉េចទេ! តែជាទូទៅ ខ្ញុំមើលឃើញក្មេងៗរបស់គាត់ គឺល្អ គាត់យល់បានច្រើន ពិសេសគាត់មានបទពិសោធន៍លេងជាមួយគ្នាតាំងពីតូច ។ ប៉ុន្ដែជើងទី២ ខ្ញុំឃើញពួកគាត់មានបញ្ហាច្រើន ព្រោះកីឡាករមានរបួស តែឥលូវប្រហែលជាគាត់អាចល្អឡើងវិញ ។ តែក្នុងគំនិតខ្ញុំ ពួកគាត់នៅតែជាក្រុមមួយដ៏ខ្លាំង» ។

គួរបញ្ជាក់ថា ភ្នំពេញក្រោន និងបឹងកេត ធ្លាប់មានប្រវត្តិជួបគ្នា ទាំងការប្រកួតផ្លូវការ និងមិត្តភាពជាច្រើនលើកមកហើយ ដោយបញ្ចប់ជាមួយលទ្ធផលឈ្នះ-ចាញ់ ឬស្មើគ្នាទៅវិញទៅមក ។ ប៉ុន្ដែជួបគ្នាលើកចុងក្រោយ នៃលីគកំពូលកម្ពុជា ឆ្នាំ២០១៨ កាលពីជើងទី១ គឺបឹងកេត បានយកឈ្នះភ្នំពេញក្រោន ៣-២ ។ ហេតុនេះ ចាំមើលតើថ្ងៃអាទិត្យស្អែកនេះ ភ្នំពេញក្រោន អាចសងសឹកក្រុមបឹងកេតបានវិញ ឬក៏យ៉ាងណា ស្របពេលក្រុមភ្នំពេញក្រោន កំពុងត្រូវការពិន្ទុ ដើម្បីរក្សាកៅអីចំណាត់ថ្នាក់លេខ៥ ក្នុងលីគឆ្នាំ២០១៨ នេះ?

អត្ថបទ៖ បុត្រា

មតិយោបល់