គ្រូស្វាយរៀង ចង់ឈ្នះវិសាខា ដើម្បីបញ្ជាក់អ្នកគាំទ្រថា ក្រុមខ្លាំង ពេលកីឡាករជុំជើង!

នូ មករា September 28, 2018


ភ្នំពេញ៖ ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង នឹងត្រូវបើកទ្វារកីឡដ្ឋានខេត្តស្វាយរៀង ទទួលក្រុមវិសាខា ក្នុងជំនួបសប្ដាហ៍ទី២២ នៃលីគកំពូលកម្ពុជា ដែលជាសប្ដាហ៍ចុងក្រោយ នាថ្ងៃទី៣០ ខែកញ្ញាចុងសប្ដាហ៍នេះ ។ ជាមួយនឹងគូប្រកូតដ៏ជក់ចិត្តនេះដែរ លោក Conor Nester គ្រូបង្វឹករបស់ក្រុមម្ចាស់ផ្ទះ បានអះអាងថា ក្រុមលោកបានត្រៀមខ្លួនជាស្រេច សម្រាប់ការប្រកួតបិទរដូវកាលនេះ ហើយលោកក៏ត្រូវការឈ្នះ ដើម្បីបញ្ជាក់ពីភាពខ្លាំងរបស់ក្រុមព្រះខ័នរាជស្វាយរៀង ពេលកីឡាករសំខាន់ៗរបស់ខ្លួនជុំជើងគ្នាផងដែរ ។

លោកបាននិយាយថា៖ «យើងពិតជាចង់ឈ្នះដើម្បីបង្ហាញដល់អ្នកគាំទ្រថានាពេលកីឡាករទាំងអស់ត្រលប់មកវិញ យើងគឺជាក្រុមជ័យជម្នះ» ។ ប៉ុន្ដែយ៉ាងណាការប្រកួតនេះ នៅតែសំខាន់ ទោះបីជាការប្រកួតបង្គ្រប់កិច្ចក្ដី ព្រោះក្រុមព្រះខ័នរាជស្វាយរៀង ត្រូវការឈ្នះ ដើម្បីប្រជែងកៅអីជាមួយក្រុមភ្នំពេញ ស្របពេលនៅថ្ងៃជាមួយគ្នានោះ ក្រុមភ្នំពេញក្រោន ក៏ត្រូវជួបក្រុមបឹងកេត នៅវេលាម៉ោង ៦ល្ងាចដូចគ្នា ដើម្បីរក្សាកៅអីលេខរៀងទី៥ នៃលីគកំពូលកម្ពុជា ឆ្នាំ២០១៨ ផងដែរ ។ ជាបណ្ដោះអាសន្នព្រះខ័នរាជស្វាយរៀង ចាញ់ប្រៀបភ្នំពេញក្រោន ៣ពិន្ទុ គ្រាន់តែភ្នំពេញក្រោនចាញ់គ្រាប់បាល់ចំណេញប៉ុណ្ណោះ ។

គួរបញ្ជាក់ថា ទោះបីលីគកំពូលកម្ពុជាសល់ ១ប្រកួតក្ដី ប៉ុន្ដែក្រុមជ័យលាភីពីលេខ១ ដល់លេខ៤ បានរកឃើញហើយ ដោយមិនខ្វល់ពីលទ្ធផលប្រកួតចុងក្រោយរបស់ខ្លួនឡើយ ក្នុងនោះមានក្រុមណាហ្គាវើលគ្រងជើងឯកមាន ៥៣ពិន្ទុ, ក្រុមបឹងកេត ទទួលបានជើងឯករងរកបាន ៤៩ពិន្ទុ, ក្រុមវិសាខា បានចំណាត់ថ្នាក់លេខ៣ មាន ៤៥ពិន្ទុ និងក្រុមក្រសួងការពារជាតិ ឈរចំណាត់ថ្នាក់លេខ៤ មាន ៣៩ពិន្ទុ ៕

អត្ថបទ៖ បុត្រា

មតិយោបល់