បឹងកេត បញ្ជាក់មូលហេតុធ្វើទីលាន ២ ក្រោយផ្ទុះចម្ងល់ពីអ្នកគាំទ្រ!

នូ មករា September 28, 2018


ភ្នំពេញ៖ បន្ទាប់ពីថ្នាក់ដឹកនាំក្រុមបឹងកេតអែហ្វស៊ី បានប្រកាសត្រៀមសាងសង់ទីលានផ្ទាល់ខ្លួនលើកដំបូង ជាមួយនឹងគម្រោង ២ផ្សេងគ្នា មានអ្នកគាំទ្រមួយចំនួន បានលើកឡើងជាចម្ងល់ថា ហេតុអ្វីបឹងកេត មិនទាន់មានកីឡដ្ឋានផ្ទាល់ខ្លួនសូម្បីតែ ១ ផង បែរជាប្រកាសធ្វើទីលានម្ដង ២ ដូច្នេះ? ប៉ុន្ដែក៏មានអ្នកគាំទ្រមួយចំនួនធំ បានសម្ដែងការអបអរសាទរ ចំពោះក្លឹបជើងឯក ៣រដូវកាលបឹងកេត នូវដំណឹងដ៏ល្អខាងលើផងដែរ ។

ជុំវិញចម្ងល់របស់អ្នកគាំទ្រខាងលើ លោក បែ មករា អ្នកចាត់ការទូទៅក្រុមបឹងកេត បានបញ្ជាក់ថា គោលដៅដំបូងរបស់ក្លឹប គឺពិតជាធ្វើទីលាន ២ ពិតមែន ដោយគម្រោងទី១ ធ្វើសម្រាប់ហ្វឹកហាត់ នៅរាជធានីភ្នំពេញ ហើយមួយទៀត គឺជាកីឡដ្ឋានស្ដង់ដារ សាងសង់ឡើង ដើម្បីត្រៀមការប្រកួតផ្លូវការផ្សេងៗ ពិសេសគឺការប្រកួតក្នុងដី ដែលគ្រោងធ្វើនៅខេត្តកំពង់ចាម ។ ប៉ុន្ដែដោយសារទីតាំងនៅខេត្តរកមិនទាន់បាន ទើបក្លឹបប្ដូរផែនការសាងសង់គម្រោងទី១ ពីទីលានសម្រាប់ហ្វឹកហាត់ ទៅជាទីលានប្រកួតបណ្ដោះអាសន្នវិញ ។

លោកបាននិយាយថា៖ «តាមពិតទៅ គម្រោងយើងដំបូង សម្រាប់គម្រោងធ្វើនៅភ្នំពេញ គ្រាន់តែជាកន្លែងហ្វឹកហាត់ទេ ព្រោះកីឡាករភាគច្រើនគាត់ស្នាក់នៅភ្នំពេញ ដល់ពេលយើងប្រកួតក្នុងដី យើងទៅប្រកួតនៅខេត្តកន្លែងយើងធ្វើ ។ តែដោយសារយើងអត់ទាន់មានទីតាំងនៅខេត្ត ចឹងយើងក៏បង្វែរពីការធ្វើកន្លែងហ្វឹកហាត់នៅភ្នំពេញ ទៅជាទីលានប្រកួតបណ្ដោះអាសន្ន ដែលជាគម្រោងទី១ ។ តែទោះបីជាទីលានប្រកួតបណ្ដោះអាសន្នក្ដី ក៏យើងមិធ្វើឲ្យតែរួចៗដែរ យើងនឹងធ្វើឲ្យបានល្អ ដែលមើលទៅអាចទទួលយកបាន អ្នកគាំទ្រសប្បាយចិត្តនឹងមកទស្សនា មានកន្លែងអង្គុយ និងមានកន្លែងហាត់ប្រាណជាដើម» ។

គួរបញ្ជាក់ថា ចំពោះទីលានគម្រោងទី១ របស់ក្លឹបបឹងកេត គឺមានទីតាំងនៅសង្កាត់បឹងស្នោរ ខណ្ឌច្បារអំពៅ ហើយគ្រោងនឹងបញ្ចុះបឋមសិលាសាងសង់ក្នុងពេលឆាប់ៗខាងមុខ តែបើតាមការបង្ហើបរបស់លោក បែ មករា គឺគ្រោងចាប់ផ្ដើមនាសប្ដាហ៍ក្រោយ ។ ប៉ុន្ដែចំពោះខ្ទង់ចំណាយ នៅមិនទាន់ដឹងនោះទេ ព្រោះក្លឹប និងក្រុមការងារបច្ចេកទេស កំពុងធ្វើការសិក្សានៅឡើយ ។ រីឯគម្រោងទី២ ដែលក្លឹបគ្រោងសាងសង់ជាកីឡដ្ឋានធំស្ដង់ដារ នៅខេត្តកំពង់ចាម ក៏មិនទាន់កំណត់ពេលវេលាសាងសង់ដែរ ដោយរង់ចាំរកឃើញទីតាំងដីល្អសិន ៕

អត្ថបទ៖ បុត្រា

មតិយោបល់