ជំនួប​ ណាហ្គា និង ប៉ូលិស ស្អែកនេះលោកអ្នកអាចចូលរួមទស្សនាដោយសេរី!

នូ មករា September 28, 2018


ភ្នំពេញ៖ ក្រុមជើងឯកលីគកំពូលកម្ពុជារដូវកាល ២០១៨ គឺណាហ្គាវើលដ៍ នឹងបើកទ្វារពហុកីឡដ្ឋានជាតិអូឡាំពិកដើម្បីសា្វគមន៍ក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលជាការប្រកួតចុងក្រោយរបស់ខ្លួនមុននឹងប្រារព្ធពិធីគ្រងតំណែងជើងឯកជាផ្លូវការ ។ សម្រាប់ជំនួបនេះដែរ ក្រុមម្ចាស់ផ្ទះនឹងផ្តល់ជូនទស្សនិកជន ក៏ដូចជាអ្នកគាំទ្របាល់ទាត់កម្ពុជាបានចូលរួមទស្សនាដោយសេរីដោយការប្រកួតនឹងប្រព្រឹត្តទៅនាវេលាម៉ោង ៥ល្ងាចថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ។

គ្រូបង្វឹកក្រុមណាហ្គា លោក មាស ចាន់ណា ដែលមានសញ្ញាបត្រកម្រិត A-License បានថ្លែងថា៖ «ផ្ដើមចេញពីកីឡាករម្នាក់ៗ ដោយខ្ញុំឃើញឆន្ទៈរបស់ពួកគាត់ម្នាក់ៗ គាត់ប្រឹងប្រែងខ្លាំង ។ ដូច្នេះពួកគាត់ជាកត្ដាសំខាន់ រួមផ្សំជាមួយអ្នកពីក្រោយខ្ញុំ ដូចជាគ្រូជំនួយ កីឡាករបម្រុងទាំងអស់ ដែលគោរពវិន័យបានល្អ ធ្វើឲ្យយើងមានឱកាសឈ្នះថ្ងៃនេះ។ បើទាក់ទងខ្លួនខ្ញុំផ្ទាល់ ខ្ញុំគិតថា វាមិនច្រើនទេ ទៅលើក្រុមទាំងមូល ខ្ញុំគិតថា កីឡាករច្រើនជាង ដែលធ្វើឲ្យយើងជោគជ័យ ។ ចឹងយើងនឹងរក្សាកីឡាករច្រើន ដើម្បីបន្ដទទួលបានទ្ធផលល្អនាឆ្នាំក្រោយ ក៏ដូចជាពាន AF Cup 2019» ។

សូមបញ្ជាក់ថា នេះជាលើកទី៣ហើយសម្រាប់ក្រុមណាហ្គាដែលបានវិលមកកាន់តំណែងជើងឯកលីគកំពូលសាជាថ្មីជាលើកទី៣ បន្ទាប់ពីខកខានគ្រងតំណែងនេះតាំងពីឆ្នាំ២០០៩ មកម្ល៉េះ និងកាលពីលើកទី១ គឺនាឆ្នាំ២០០៧ កន្លងមក ៕

អត្ថបទ៖ មករា និង បុត្រា

មតិយោបល់