ភ្នំពេញក្រោន នឹងរក្សាទម្រង់លេងប៉ះបឹងកេតដូចជើងទី១ តែរំពឹងបានលទ្ធផលប្លែកពីមុន

នូ មករា September 27, 2018


ភ្នំពេញ៖ ក្រុមបាល់ទាត់ភ្នំពេញក្រោន នឹងត្រូវប្រកួតបិទរដូវកាលរបស់ខ្លួន ដោយត្រូវជួបក្រុមបឹងកេតអែហ្វស៊ី ក្នុងជំនួបសប្ដាហ៍ទី២២ នៃលីគកំពូលកម្ពុជា នាថ្ងៃទី៣០ ខែកញ្ញាចុងសប្ដាហ៍នេះ នៅលើទីលានពហុកីឡដ្ឋានជាតិ ។ ជាមួយនឹងការប្រកួតដ៏សំខាន់នេះ គ្រូបង្គោលក្រុមភ្នំពេញក្រោនលោក Sean Sainsbury បានអះអាងថា នឹងរក្សាទម្រង់លេងនៅដដែល ដូចកាលពីជួបគ្នាជើងទី១ តែរំពឹងបានលទ្ធផលប្លែកពីមុន ពោលគឺជ័យជម្នះ ។

គ្រូបង្វឹកជនជាតិអង់គ្លេសរូបនេះ លើកឡើងថា បឹងកេតគឺជាក្រុមខ្លាំង ហើយមានកីឡាករមានគុណភាពច្រើន ពិសេសអ្នកបញ្ចប់ទី ។ ប៉ុន្ដែកូនក្រុមលោកក៏មិនធម្មតាដែរ ទោះបីភាគច្រើនពួកគេជាកីឡាករវ័យក្មេងក្ដី ជាក់ស្ដែងកាលពីជួបគ្នាជើងទី១ ដោយសារតែខ្វះសំណាងក្នុងការបញ្ចប់ទី គួបផ្សំអាជ្ញាកណ្ដាលកាត់សេចក្ដីមិនបានល្អផង ទើបភ្នំពេញក្រោន ត្រូវបរាជ័យក្រោមថ្វីជើងបឹងកេតក្នុងដី ៣-២ ។ ប៉ុន្ដែលើកនេះ លោកជឿជាក់លទ្ធផលអាចនឹងប្រែប្រួល ខណៈលោកនឹងប្រើប្រាស់កីឡាករក្មេងកាន់តែច្រើនជាងមុន ។

លោកបាននិយាយថា៖ «ខ្ញុំមិនមានការរំពឹងទុកអ្វីទេ តែអ្វីដែលយើងចង់ធ្វើ គឺលេងឲ្យបានល្អបំផុត ។ យើងនឹងលេងដូចអ្វី ដែលយើងបានលេងជាមួយពួកគេកាលពីជើងទី១ ដោយយើងនឹងលេងក្នុងកម្រិតមួយខ្ពស់ ហើយយើងចង់បានលទ្ធផលមួយប្លែក ។ យើងនឹងរក្សាទម្រង់លេងដដែល តែយើងត្រូវការជ័យជម្នះ…។ ចំណែកកីឡាករជម្រើស ១១នាក់ដំបូង យើងនឹងប្រើប្រាស់កីឡាករក្មេងៗច្រើន រីឯកីឡាករបរទេសក្នុងចំណោម ៣នាក់ យើងគ្រោងប្រើតែ ២នាក់ប៉ុណ្ណោះ ព្រោះយើងចង់ផ្ដល់ឱកាសឲ្យកីឡាករខ្មែរច្រើនជាង ក្នុងប្រកួតចុងក្រោយ» ។

គួរបញ្ជាក់ថា ការប្រកួតក្រៅដីនេះ គឺជាការប្រកួតដ៏សំខាន់របស់ក្រុមភ្នំពេញក្រោន ដែលទាមទាឈ្នះ ឬយ៉ាងហោចស្មើក្រុមបឹងកេត ដើម្បីរក្សាកៅអីចំណាត់ថ្នាក់លេខ៥ ក្នុងលីគកំពូលកម្ពុជា ឆ្នាំ២០១៨ ស្របពេលក្រុមបឹងកេត ទោះបីលទ្ធផលបែបណា ក៏ពួកគេបានទទួលនូវតំណែងជើងឯករងដោយស្វ័យប្រវត្តិរួចទៅហើយ បន្ទាប់ពីបឹងកេត ចាញ់ប្រៀបក្រុមណាហ្គាវើល ៤ពិន្ទុ ក្រោយភ្លាត់ប្រកួតស្មើក្រុមអង្គរថាយហ្គឺរ ២-២ កាលពីចុងសប្ដាហ៍មុន ៕

 

អត្ថបទ៖ បុត្រា

មតិយោបល់