គ្រូទ័ព សោកស្តាយ និងព្រួយបារម្ភ ក្រោយ អ៊ុំ សេរីរ័ត្ន ត្រូវអវត្តមាន

នូ មករា September 27, 2018


ភ្នំពេញ៖ លោក ភា សុភ័ក្ត្រា គ្រូបង្វឹកក្រុមក្រសួងការពារជាតិ(ទ័ព) បានសម្តែងការសោកស្តាយជាខ្លាំង ក្រោយអ្នកចាំទីស្នូលរបស់ខ្លួន អ៊ុំ សេរីរ័ត្ន មានបញ្ហារបួស និងត្រូវអវត្តមានពីការប្រកួតសំខាន់ៗចុងក្រោយ ហើយថែមព្រួយបារម្ភដល់ការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់សម្តេចតេជោ ហ៊ុន សែន-Hun Sen Cup នាថ្ងៃទី០៦ ខែតុលាខាងមុខទៀតផង ។

គ្រូបង្វឹកកាន់សញ្ញាបត្រកម្រិត A-License ដដែលបានបញ្ជាក់ថា ក្រសួងការពារជាតិ ត្រូវប្រឈមឧបសគ្គមួយចំនួន ព្រោះនៅសល់អ្នកចាំទីស្នូលតែម្នាក់ គឺ អ៊ុំ វិចិត្រ ដូច្នេះស្របពេលក្រុមខ្លួន ត្រូវប្រកួតបង្គ្រប់កិច្ចជាមួយក្រុមអគ្គិសនីកម្ពុជា នៃលីគកំពូលកម្ពុជាចុងសប្តាហ៍នេះ ក្លឹបត្រូវការថ្នមគេខ្លាំងណាស់ ដើម្បីចៀសវាងមានបញ្ហា ក្នុងដំណើរឆ្ពោះទៅរកការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ដែរ ។

លោកបានថ្លែងថា៖ «ក្រសួងការពារជាតិ កំពុងមានក្ដីបារម្ភ ព្រោះពីមុនយើងមានអ្នកចាំទីស្នូល ២នាក់ តែឥលូវយើងមានតែម្នាក់ អុីចឹងយើងត្រូវថ្នមអ្នកចាំទី អ៊ុំ វិចិត្រ បន្ដិច ព្រោះបើយើងហ៊ានប្ដូរក្នុងប្រការណាមួយ វាអាចធ្វើឲ្យយើង ត្រីរ៉ស់ក៏រួច ទន្សាយក៏រួច ព្រោះបើនិយាយពី សេរីរ័ត្ន យើងមិនរំពឹងទេ ដោយសាររបួសគាត់មិនអាចជាទាន់ទេ ទោះជាទាន់ក៏មិនអាចលេងបានដែរ ។ អុីចឹងបើហ៊ានដាក់ អ៊ុំ វិចិត្រ មានបញ្ហាណាមួយទៀត វានឹងធ្វើឲ្យយើងពិបាកខ្លួនឯង» ។ បន្ថែមពីលើនេះ លោកក៏សោកស្តាយ ដែលអ្នកចាំទី អ៊ុំ សេរីរ័ត្ន មិនអាចបង្ហាញសមត្ថភាព ដើម្បីទាក់ចិត្តគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាផងដែរ ។

លោកថា៖ «នេះគឺជារឿងមួយស៊យ ព្រោះកីឡាករកំពុងលេចធ្លោរ ហើយចៃដន្យមានបញ្ហារបួសបែបនេះ ហើយវគ្គផ្ដាច់ព្រ័ត្រ មិនត្រឹមតែគ្រូជម្រើសជាតិទេ គឺមានភ្នែកជាច្រើនសម្លឹងទៅគាត់ ឥលូវគាត់របួស ចឹងគាត់ត្រូវបាត់បង់ឱកាសជាប់ជម្រើសជាតិជាថ្មី នាពេលខាងមុខបន្ថែមទៀត »។

គួរបញ្ជាក់ថា ប្រកួតចុងក្រោយ នៃលីគកំពូលកម្ពុជា គឺក្រសួងការពារជាតិ ត្រូវជួបក្រុមម្ចាស់ផ្ទះអគ្គិសនីកម្ពុជា នាថ្ងៃទី២៩ ខែកញ្ញាខាងមុខ ។ រីឯវគ្គផ្តាច់ព្រ័ត្រពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ក្រសួងការពារជាតិ ត្រូវជួបក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ នាថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៨ខាងមុខ នៅលើទីលានពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ៕

អត្ថបទ៖ បុត្រា

មតិយោបល់