អង្គរថាយហ្គ័រ គ្រោងជួសជុលកីឡដ្ឋានខេត្តសៀមរាបត្រៀមរដូវកាលថ្មី!

នូ មករា September 25, 2018


ភ្នំពេញ៖  ក្រោយបំបែកកំណត់ត្រាជាកីឡដ្ឋានដែលមានទស្សនិកជនចូលរួមទស្សនាច្រើនជាងគេនៅក្នុងរដូវកាលឆ្នាំ២០១៨ នេះរួចមក ថ្នាក់ដឹកនាំក្លឹបបាល់ទាត់អង្គរថាយហ្គ័រ បានចូលជួបពិភាក្សាជាមួយលោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡានាថ្ងៃទី២៥ ខែកញ្ញា​ ឆ្នាំ២០១៨នេះ អំពីគម្រោងជួសជុលទីលានបាល់ទាត់នៅខេត្តសៀមរាបដែលជាទឹកដីរបស់ខ្លួនផ្ទាល់ ។ យ៉ាងណាក៏ដោយ គម្រោងនេះមិនមានបង្ហាញពីទំហំចំណាយ ក៏ដូចជារយៈពេលជួសជុលនៅឡើយទេ ខណៈដែលលីគកំពូលកម្ពុជាគ្រោងនឹងបញ្ចប់នៅចុងខែកញ្ញានេះហើយ ។

គួររំលឹកថា ក្លឹបបាល់ទាត់អង្គរថាយហ្គឺរ បានផ្លាស់ប្ដូរមូលដ្ឋានរបស់ខ្លួនជាផ្លូវការទៅកាន់ទឹកដីអង្គរកាលពីថ្ងៃទី០៧ ខែឧសភា កន្លងទៅ ក្នុងគោលបំណងបង្កើនភាពស្និទ្ធស្នាល និងជំនឿចិត្តជាមួយប្រជាជននៅខេត្តសៀមរាប ក៏ដូចជាបំពេញឱ្យត្រូវ ១០០ភាគរយទៅនឹងឈ្មោះរបស់ខ្លួន ព្រមទាំងដើម្បីផ្តល់ភាពងាយស្រួលដល់កីឡាករពិសេសគ្រូបង្វឹកក្នុងការគ្រប់គ្រង ឬតាមដានលើការហូបចុក ស្នាក់នៅ ហ្វឹកហាត់ និងសកម្មភាពប្រចាំថ្ងៃរបស់កីឡាករជាដើម ។

ជាងនេះទៅទៀត ក្លឹបសមាជិកលីគកំពូលកម្ពុជាមួួយនេះក៏បានចុះកិច្ចសន្យាជាមួយកីឡាករវ័យក្មេងជាច្រើនរូបក្នុុងខេត្តសៀមរាបជាមួយនឹងគោលដៅកសាងធនធានកីឡាករផ្ទាល់ខ្លួន ដោយក្នុងនោះមានដូចជាកីឡាករ ចិន ណារក្ស និងកីឡាករ សុវណ្ណ ដូណា ដែលមានវ័យ ១៤ឆ្នាំ និងលេងក្នុងតួនាទីខ្សែការពារដូចគ្នា ខណៈដែលកាលពីចុងឆ្នាំ២០១៧ កន្លងទៅ ក្លឹបដឹកនាំដោយជនជាតិជប៉ុនមួយនេះ បានធ្វើរឿងគួរឲ្យភ្ញាក់ផ្អើលម្ដងរួចមកហើយ បន្ទាប់ពីបានចុះកុងត្រារយៈពេល ១០ឆ្នាំជាមួយកីឡាករវ័យ ១៣ឆ្នាំ ភាព ចាន់ដេវីត ហើយថែមទាំងនាំយុវជនដែលមានកំណើតនៅខេត្តសៀមរាប និងពោរពេញដោយទេពកោសល្យរូបនេះទៅហ្វឹកហាត់រយៈពេលខ្លីនៅប្រទេសជប៉ុនទៀតផង ៕

អត្ថបទ៖ មករា

 

មតិយោបល់