អតីតក្រុម Fair-Play ពាន Soccer League ប្រកាសបិទក្លឹប ព្រោះគ្មានអ្នកឧបត្ថម្ភ!

នូ មករា September 25, 2018


ភ្នំពេញ៖ ក្រុមបាល់ទាត់កម្រិតពាក់កណ្ដាលអាជីព យុវជនខេត្តកំពង់ចាម ដែលជាអតីតក្រុមម្ចាស់ពាន Fair-Play នៃពានរង្វាន់ Soccer League កាលពីឆ្នាំ២០១៥ បានប្រកាសបិទក្លឹបជាផ្លូវការ ក្រោយជួបវិបត្តិហិរញ្ញវត្ថុ និងគ្មានការជួយឧបត្ថម្ភពីក្រុមហ៊ុន ឬសប្បុរសជនផ្សេងៗ ។ នេះបើតាមការបញ្ជាក់របស់លោក ឈួន វ៉ាន់ឌី ប្រធានក្លឹបបាល់ទាត់យុវជនខេត្តកំពង់ចាម ។

លោក ឈួន វ៉ាន់ឌី បានបញ្ជាក់ថា ក្លឹបយុវជនខេត្តកំពង់ចាម ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១២ ក្រោយមានការស្រុះស្រួលគ្នារវាងអ្នកនិយមលេងកីឡា ដែលភាគច្រើនមានប្រភពពីខេត្តកំពង់ចាម ។ ក្នុងរយៈពេល ៧ឆ្នាំកន្លងមក ក្រុមបង្កើតឡើងដោយការស្ម័គ្រចិត្តនេះ បានវិវត្តន៍ខ្លួនជាបន្ដបន្ទាប់ រហូតក្លាយជាក្លឹបកម្រិតពាក់កណ្ដាលអាជីព និងបានចូលរួមប្រកួតពានរង្វាន់ផ្សេងៗ ជាច្រើន ដូចជាពាន Soccer League, KMH Champions League, Khmer Real Estate League និងពានដំរីសជាដើម ។ ក៏ប៉ុន្តែក្រោយបញ្ចប់បេសកកម្មក្នុងការប្រកួតពានរង្វាន់ Khmer Real Estate League ឆ្នាំ២០១៨ ដោយមិនអាចទ្រាំទ្រនឹងការចំណាយ ស្របពេលខ្វះការឧបត្ថម្ភផង ទើបលោកសម្រេចចិត្តប្រកាសបិទក្លឹបទាំងសោកស្ដាយតែម្ដង ។

លោកបានបញ្ជាក់ថា៖ «ការសម្រេចចិត្តដូច្នេះ ខ្ញុំមានការសោកស្ដាយខ្លាំងណាស់ ហើយក៏មិនចង់ឲ្យរឿងនេះកើតឡើងដែរ តែវាគ្មានជម្រើស ព្រោះខ្ញុំអស់លទ្ធភាពហើយ តែយ៉ាងណាខ្ញុំសូមអរគុណដល់មិត្តរួមក្រុមទាំងអស់ ដែលបានរួមគ្នាដើរកាត់ឧបសគ្គជាច្រើនឆ្នាំកន្លងមក» ។ ប៉ុន្ដែលោកបញ្ជាក់ថា ក្រោយប្រកាសបិទក្លឹប មានសមាជិកជាច្រើន បានស្នើឲ្យបន្ដ ប្រសិនបើមានអ្នកឧបត្ថម្ភ ។ ដោយហេតុនេះ បើសិនមានអ្នកឧបត្ថម្ភមែន លោកនឹងបន្ដ តាមសំណើររបស់មិត្តរួមក្រុម ហើយលោកក៏បានអំពាវនាវដល់ក្រុមហ៊ុនឯកនានា ដែលមានបំណងចង់ចូលរួមលើកស្ទួយវិស័យកីឡា ក៏ដូចជាក្រុមលោកផ្ទាល់ អាចទំនាក់ទំនងទៅលោកបាន ដើម្បីផ្ដល់ឱកាសដល់យុវជន បានលេងកីឡា និងរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់កម្ពុជាកាន់តែរីកចម្រើនផងដែរ ។

ដោយឡែកចំពោះសមិទ្ធិផលក្រុមយុវជនខេត្តកំពង់ចាម ធ្លាប់ធ្វើបានកន្លងមក រួមមានពាន Soccer League ទទួលបានពាន Fair-Play កាលពីឆ្នាំ២០១៥ ម្ដង ក្នុងចំណោមចូលរួម ៣ដង, ពាន KMH Champions League ចូលរួម ៣ដងបានឡើងវគ្គ ១/៨ផ្ដាច់ព្រ័ត្រម្ដង, ពាន Khmer Real Estate League ចូលរួម ៤លើកឈ្នះលេខ៣ ចំនួន ៣ដង និងពានដំរីសចូលរួម ៤ លើកបានលេខ៣ ចំនួន ៣ដងដូចគ្នា ៕

អត្ថបទ៖ បុត្រា

មតិយោបល់