សំបុត្រទស្សនាកម្ពុជា ប៉ះទីម័រខាងកើត ត្រៀមដាក់លក់ដើមខែក្រោយ

នូ មករា September 25, 2018


ភ្នំពេញ៖ ក្រោយបរាជ័យក្រោមថ្វីជើងក្រុមម៉ាឡេស៊ី ៣-១ ក្រុមជម្រើសជាតិកម្ពុជា នឹងបន្ដជួបប្រកួតមិត្តភាពជាមួយក្រុមជម្រើសជាតិទីម័រខាងកើត នាថ្ងៃទី១២ ខែតុលាខាងមុខ ដើម្បីត្រៀមការប្រកួតពានរង្វាន់ AFF Suzuki Cup 2018 ខណៈសំបុត្រចូលទស្សនា សហព័ន្ធកីឡាបាល់ទាត់កម្ពុជា គ្រោងដាក់លក់នៅថ្ងៃទី០១ ខែតុលាខាងមុខ នៅមុខពហុកីឡដ្ឋានជាតិ ដោយរក្សាតម្លៃ ១ម៉ឺនរៀល និង ៥ពាន់រៀលដដែល ។

នេះគឺជាការប្រកួតលើកទី២ ក្រោយសហព័ន្ធប្រកាសតែងតាំងលោក Keisuke Honda ធ្វើជាអ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា ក្រោយប្រកួតបើកឆាក ក្រោមការដឹកនាំផ្ទាល់របស់ Honda ប្រកួតចាញ់ម៉ាឡេស៊ី នៃជំនួបមិត្តភាពក្នុងដី ៣-១ កាលពីថ្ងៃទី១០ ខែកញ្ញាកន្លងទៅ ។ ប៉ុន្ដែយ៉ាងណាអតីតកីឡាករជម្រើសជាតិជប៉ុនរូបនេះ អះអាងថា ការប្រកួតបន្ទាប់ ពិសេសការជួបជាមួយទីម័រខាងកើត កម្ពុជា នឹងធ្វើបានល្អប្រសើរ បន្ទាប់ពីពួកគេស្វែងយល់ពីប្រព័ន្ធលេងកាន់តែស៊ីជម្រៅបន្ថែមទៀត ។

ដោយឡែកចំពោះការប្រមូលផ្ដុំរបស់ក្រុមជម្រើសជាតិកម្ពុជា នៅមិនទាន់ប្រកាសបរិច្ឆេទនោះទេ ប៉ុន្ដែបើតាមការបញ្ជាក់របស់គ្រូជំនួយក្រុមជម្រើសជាតិកម្ពុជាកាលពីពេលថ្មីៗ ការប្រមូលផ្ដុំហ្វឹកហាត់ជាថ្មី នឹងធ្វើឡើង ក្រោយលីគកំពូលកម្ពុជា បញ្ចប់ការប្រកួតភ្លាមៗ ស្របពេលលីគ នឹងបញ្ចប់នៅថ្ងៃទី៣០ ខែកញ្ញាខាងមុខ ខណៈបញ្ជីឈ្មោះកីឡាករក្រុមជម្រើសជាតិថ្មី ក៏នឹងត្រូវប្រកាសនាពេលដំណាលគ្នានោះដែរ ៕

អត្ថបទ៖ បុត្រា

មតិយោបល់