អ្នកចាត់ការក្រុមបឹងកេត សុំទោសអ្នកគាំទ្រ ក្រោយរបូតជើងឯកទាំងសោកស្ដាយ

នូ មករា September 25, 2018


ភ្នំពេញ៖ បើទោះបីការប្រកួតក្របខណ្ឌលីគកំពូលកម្ពុជា មិនទាន់បញ្ចប់ក្ដី ប៉ុន្ដែគេបានរកឃើញក្រុមជើងឯកទៅហើយ គឺក្រុមណាហ្គាវើល ដែលធ្វើឲ្យក្រុមការពារតំណែងជើងឯកបឹងកេត បានត្រឹមសោកស្ដាយ រហូតអ្នកចាត់ការទូទៅក្រុមជើងឯក ២ជំនាន់លោក បែ មករា ចេញមុខសុំទោសអ្នកគាំទ្ររបស់ខ្លួន ចំពោះការមិនអាចការពារតំណែងជើងឯកជាថ្មីម្ដងទៀតផង ។

លោក បែ មករា បានសរសេរសារបង្ហោះលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថា៖ «អស់រយៈពេលពេញមួយរដូវកាល ដែលពួកយើងបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លា ដោយឆ្លងកាត់បញ្ហាលំបាក និងឧបសគ្គជាច្រើន ដើម្បីការពារតំណងជើងឯករបស់ពួកយើង ប៉ុន្តែគួរឲ្យសោកស្តាយ ដែលពួកយើងមិនអាចធ្វើបាន ក្នុងនាមជាអ្នកដឹកនាំខ្ញុំសូមអភ័យទោសចំពោះអ្នកគាំទ្រយើងទាំងអស់គ្នា ដែលមិនអាចការពារតំណែងជើងឯកបានម្តងទៀត ពួកយើងសូមសន្យាថា នឹងព្យាយាមធ្វើអោយបានល្អនៅរដូវកាលក្រោយ» ។

ក្រុមបឹងកេត បានទទួលតំណែងជើងឯករង ដោយស្វ័យប្រវត្តិ សម្រាប់លីគកំពូលកម្ពុជា ឆ្នាំ២០១៨នេះ ក្រោយបញ្ចប់ការប្រកួតសន្សំពិន្ទុ សប្ដាហ៍ទី២១ ដោយរកបាន ៤៩ពិន្ទុ ចាញ់ប្រៀបក្រុមកំពូលតារាងណាហ្គាវើល ៤ពិន្ទុ ដែលធ្វើឲ្យណាហ្គាវើល ក្លាយជើងឯកដោយស្វ័យប្រវត្តិដូចគ្នា ក្រោយរកបាន ៥៣ពិន្ទុ ដោយមិនខ្វល់ពីលទ្ធផលប្រកួតចុងក្រោយ នាចុងសប្ដាហ៍នេះឡើយ ។ សរុបមកទាំងបឹងកេត និងណាហ្គាវើល សុទ្ធតែទទួលបាននូវកំណត់ត្រាលើកពានលីគ ៣លើកដូចគ្នា គិតត្រឹមឆ្នាំ២០១៨ នេះ ប៉ុន្ដែយ៉ាងណាលោក បែ មករា ក៏បានថ្លែងអំណរគុណអ្នកគាំទ្រ និងអំពាវនាវឲ្យមានការចូលរួមទស្សនាការប្រកួតចុងក្រោយរបស់ខ្លួនផងដែរ ។

លោកបានសរសេរថា៖ «ខ្ញុំសូមអរគុណ សម្រាប់ការគាំទ្រ និងនៅជាមួយពួកយើងគ្រប់ពេលវេលា និងទីកន្លែង ទោះជិតក្តី ឆ្ងាយក្តី ហើយសង្ឃឹមថាអ្នកគាំទ្រទាំងអស់នឹងចូលរួមគាំទ្រការប្រកួតបិទរដូវកាលទល់នឹងភ្នំពេញក្រោនឲ្យបានច្រើនកុះករ ។ ចុងក្រោយសូមសម្តែងនូវការអបអរសាទរជាមួយក្លិបណាហ្កា ដែលទទួលបានជើងឯកលីគឆ្នាំ២០១៨» ។ គួរបញ្ជាក់ថា ការប្រកួតសប្ដាហ៍ចុងក្រោយក្រុមបឹងកេត គឺត្រូវជួបអតីតក្រុមជើងឯក ៦សម័យកាលភ្នំពេញក្រោន នាល្ងាចថ្ងៃទី៣០ ខែកញ្ញាចុងសប្ដាហ៍នេះ នៅលើទីលានពហុកីឡដ្ឋានជាតិ ៕

អត្ថបទ៖ បុត្រា

មតិយោបល់