លីគកំពូលកម្ពុជា៖ ភ្នំពេញក្រោន បញ្ចប់បេសកកម្មក្នុងដី ដោយលត់វេស្ទើន ៦-០

នូ មករា September 24, 2018


ភ្នំពេញ៖ ក្រុមបាល់ទាត់ភ្នំពេញក្រោន បានធ្វើឲ្យអ្នកគាំទ្រពេញចិត្តជាខ្លាំង សម្រាប់ប្រកួតចុងក្រោយក្នុងដី នៃលីគកំពូលកម្ពុជា ដោយបានលត់ក្រុមវេស្ទើនភ្នំពេញ ៦-០ ក្នុងជំនួបជើងទី២ នៅកីឡដ្ឋាន RSN កាលពីម្សិលមិញ ។

អ្វីដែលគួរឲ្យសម្គាល់ទៀតនោះ គឺកីឡាករ Teixeira Junior Valci ដែលទើបមកជួយភ្នំពេញក្រោន ក្នុងជើងទី២ រូបគេបានបញ្ចប់ទីយ៉ាងល្អ រហូតរកបាន ៥គ្រាប់ម្នាក់ឯង បន្ទាប់ពីមិត្ដរួមក្រុម យ៉ើ ម៉ូស្លីម រកបានគ្រាប់បាល់នាំមុខ នៅនាទី១៩ ។ ជ័យជម្នះនេះ បានធ្វើឲ្យភ្នំពេញក្រោន បន្ដជ័យជម្នះជាលើកទី៨ លើក្រុមវេស្ទើន ក្នុងប្រវត្តិជួបគ្នា ៥ឆ្នាំចុងក្រោយ ។

យ៉ាងណាមិញភ្នំពេញក្រោន នៅមិនទាន់បញ្ចប់ភារកិច្ចនោះទេ ពោលគឺសល់ ១ប្រកួតក្រៅដីទៀត ដោយត្រូវជួបក្រុមបឹងកេតអែហ្វស៊ី នាថ្ងៃទី៣០ ខែកញ្ញាខាងមុខ ហើយក៏ជាការប្រកួតដ៏សំខាន់ផងដែរ ដោយភ្នំពេញក្រោន ត្រូវការយ៉ាងហោច ១ពិន្ទុពីក្រុមបឹងកេត ដើម្បីរក្សាកៅអីចំណាត់ថ្នាក់លេខ៥ ក្នុងតារាងចំណាត់ថ្នាក់ នៃលីគកំពូលកម្ពុជា ឆ្នាំ២០១៨ ៕

អត្ថបទ៖ បុត្រា

មតិយោបល់