លោក មាស ចាន់ណា៖ ជោគជ័យពេលនេះ ផ្ដើមចេញពីកីឡាករម្នាក់ៗច្រើនជាងគ្រូ

នូ មករា September 24, 2018


ភ្នំពេញ៖ បន្ទាប់ពីជួយក្រុមណាហ្គាវើល វិលទៅគ្រងតំណែងជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០១៨ ដែលខកខានអស់រយៈពេលជិតឆ្នាំ លោក មាស ចាន់ណា បានសម្ដែងនូវការសប្បាយចិត្តជាខ្លាំង តែលោកថា ជោគជ័យនេះ គឺកើតចេញពីជាការខិតខំប្រឹងប្រែងរបស់កីឡាករម្នាក់ៗ ច្រើនជាងការលះបង់របស់ខ្លួនជាគ្រូ ។ នេះបើតាមការបញ្ជាក់ក្រោយក្រុមណាហ្គាវើល យកឈ្នះវិសាខា ២-១ នៅកីឡដ្ឋានស្ដាតចាស់កាលពីល្ងាចមិញ ។

គ្រូបង្វឹកកម្រិត A-License រូបនេះ និយាយថា៖ «ផ្ដើមចេញពីកីឡាករម្នាក់ៗ ដោយខ្ញុំឃើញឆន្ទៈរបស់ពួកគាត់ម្នាក់ៗ គាត់ប្រឹងប្រែងខ្លាំង ។ ដូច្នេះពួកគាត់ជាកត្ដាសំខាន់ រួមផ្សំជាមួយអ្នកពីក្រោយខ្ញុំ ដូចជាគ្រូជំនួយ កីឡាករបម្រុងទាំងអស់ ដែលគោរពវិន័យបានល្អ ធ្វើឲ្យយើងមានឱកាសឈ្នះថ្ងៃនេះ។ បើទាក់ទងខ្លួនខ្ញុំផ្ទាល់ ខ្ញុំគិតថា វាមិនច្រើនទេ ទៅលើក្រុមទាំងមូល ខ្ញុំគិតថា កីឡាករច្រើនជាង ដែលធ្វើឲ្យយើងជោគជ័យ ។ ចឹងយើងនឹងរក្សាកីឡាករច្រើន ដើម្បីបន្ដទទួលបានទ្ធផលល្អនាឆ្នាំក្រោយ ក៏ដូចជាពាន AF Cup 2019» ។

គួរបញ្ជាក់ថា ក្រុមណាហ្គាវើល បានក្លាយជើងឯកលីគកំពូលកម្ពុជា ទាំងសល់ ១ប្រកួតក្នុងដៃ ក្រោយដណ្ដើមបាន ៣ពិន្ទុពីវិសាខា ធ្វើឲ្យពួកគេមាន ៥៣ពិន្ទុ នាំមុខដាច់គូប្រជែងដ៏សំខាន់របស់ខ្លួន គឺក្រុមបឹងកេត ដែលភ្លាត់ស្មើក្រុមអង្គរថាយហ្គឺរ ២-២ មាន ៤៩ពិន្ទុក្នុងដៃ ។ ដោយហេតុនេះ ប្រកួតចុងក្រោយ ទោះបីឈ្នះ ឬចាញ់ ក៏ណាហ្គាវើល មិនឈឺក្បាលដែរ ព្រោះពួកគេមានពិន្ទុគ្រប់គ្រាន់ ដើម្បីរកចាំថ្ងៃលើកពានទៅហើយ ៕

អត្ថបទ៖ បុត្រា

មតិយោបល់