ភ្នំពេញក្រោន ប៉ះវេស្ទើន ៩លើកចុងក្រោយ ភ្លាត់ស្មើម្ដង និងចាញ់ម្ដង ចុះចុងសប្ដាហ៍នេះ?

នូ មករា September 21, 2018


ភ្នំពេញ៖ ក្រុមបាល់ទាត់ភ្នំពេញក្រោន នឹងត្រូវបើកទ្វារកីឡដ្ឋាន RSN របស់ខ្លួនទទួលក្រុមបាត់តារាងវេស្ទើនភ្នំពេញ នាវេលាម៉ោង ៦ល្ងាចថ្ងៃទី២៣ ខែកញ្ញាសប្ដាហ៍នេះ ក្នុងជំនួបជើងទី២ នៃលីគកំពូលកម្ពុជា មុនបន្ដជួបក្រុមការពារតំណែងជើងឯកបឹងកេត ដែលជាប្រកួតសប្ដាហ៍ចុងក្រោយ នាខែកញ្ញាខាងមុខ ។

បើនិយាយពីប្រវត្តិធ្លាប់ជួបគ្នារវាងភ្នំពេញក្រោន និងវេស្ទើន គឺធ្លាប់ជួបគ្នាច្រើនដកមកហើយ គ្រាដែលជួបគ្នា ៩លើកចុងក្រោយ ភ្នំពេញក្រោន ធ្លាប់ស្មើម្ដង និងចាញ់ម្ដងគត់ ខណៈឈ្នះដល់ទៅ ៧ដង ។ ប៉ុន្ដែអ្វីដែលភ្នំពេញក្រោន ធ្វើឲ្យក្រុមវេស្ទើនជូរចត់ជាងគេ គឺកាលពីឆ្នាំ២០១៥ ក្នុងជំនួបជើងទី២ អតីតក្រុមជើងឯក ៦សម័យកាលនេះ បានលត់វេស្ទើនដល់ទៅ ១០-០ ឯណោះ ។

បច្ចុប្បន្នភ្នំពេញក្រោន កំពុងឈរលេខរៀងទី៥ និងមាន ៣០ពិន្ទុ បន្ទាប់ពីឆ្លងកាត់ ២០ប្រកួតឈ្នះ៩ ស្មើ៣ និងចាញ់៨ ខណៈវេស្ទើនកំពុងបាតតារាងមាន ១ពិន្ទុប៉ុណ្ណោះ ។ ដូច្នេះជំនួបជើងទី២ ចុងសប្ដាហ៍នេះ ភ្នំពេញក្រោន គឺត្រូវការឈ្នះវេស្ទើនដាច់ខាត ដើម្បីធានាកៅអីចំណាត់ថ្នាក់លេខ៥ ក្នុងលីគកំពូលកម្ពុជា ឆ្នាំ២០១៨ មុនបន្ដទៅជួបបឹងកេត នាថ្ងៃទី៣០ ខែកញ្ញា ដែលជំនួបដ៏តានតឹង ព្រោះបឹងកេត កំពុងត្រូវការពិន្ទុប្រជែងជើងឯក ជាមួយក្រុមកំពូលតារាងណាហ្គាវើល ។

សម្រាប់លទ្ធផលជួបគ្នា ៩លើកចុងក្រោយរវាងភ្នំពេញក្រោន និងវេស្ទើន រួមមានឆ្នាំ២០១៤ ភ្នំពេញក្រោនឈ្នះទាំង ២ជើង គឺ ១-០ និង ៣-០, ឆ្នាំ២០១៥ ភ្នំពេញក្រោនឈ្នះទាំង ២ជើង គឺ ៥-៣ និង ១០-០, ឆ្នាំ២០១៦ ជើងទី១ ស្មើគ្នា ២-២ ខណៈជើងទី២ ភ្នំពេញក្រោនឈ្នះ ៣-១, ឆ្នាំ២០១៧ ជើងទី១ វេស្ទើនឈ្នះ ៣-១ តែជើងទី២ ភ្នំពេញក្រោនលត់ ៣-០ វិញ គ្រាដែលជួបគ្នាជើងទី១ ក្នុងលីគឆ្នាំ២០១៨ ភ្នំពេញក្រោនឈ្នះ ១-០ នៅជើងទី១ ខណៈជើងទី២ នឹងប្រកួតនាចុងសប្ដាហ៍នេះ នៅកីឡដ្ឋាន RSN ៕ អត្ថបទ៖

បុត្រា

មតិយោបល់