ទ័ពសម្រេចប្ដូរយុទ្ធសាស្ដ្រលេងបង្ហើយលីគ ព្រោះកីឡាកររបួស ៣០%

នូ មករា September 21, 2018


ភ្នំពេញ៖ ក្រុមក្រសួងការពារជាតិ(ទ័ព) កំពុងមានការព្រួយបារម្ភ ដោយសារមានបញ្ហាកីឡាកររបួសច្រើន ស្របពេលលីគកំពូលកម្ពុជាសល់ ២ប្រកួតក្នុងដៃ មុនឈានដល់វគ្គផ្ដាច់ព្រ័ត្រពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-Hun Sen Cup ឆ្នាំ២០១៨ ។ ដោយហេតុនេះលោក ភា សុភ័ក្ដ្រា បានសម្រេចចិត្តប្ដូរយុទ្ធសាស្ដ្រលេងថ្មី សម្រាប់ការប្រកួតនៅសល់ក្នុងលីគ ដើម្បីត្រៀមខ្លួនឲ្យបានល្អប្រសើរ សម្រាប់វគ្គផ្ដាច់ព្រ័ត្រពានសម្ដេចតេជោនាយករដ្ឋមន្ដ្រី ។

លោក ភា សុភ័ក្ដ្រា គ្រូបង្វឹកក្រសួងការពារជាតិ បាននិយាយថា៖ «ពីមុនយើងត្រៀមដាក់ខ្មែរលេងច្រើន សម្រាប់គ្រប់ប្រកួតនៅសល់ក្នុងលីគ ដើម្បីសម្រួចក្រុមត្រៀមពានសម្ដេចវគ្គផ្ដាច់ព្រ័ត្រ តែឥលូវដោយសារស្ថានភាពរបួសប្រហែល ៣០% ចឹងយើងក៏ប្ដូរផែនការដាក់កីឡាករបរទេសលេងដដែល ។ អ៊ុក កាម៉ុល, សុខ ហៀង, កាន់ ពិសាល, អ៊ុំ សេរីរ័ត្ន សុទ្ធតែរបួស ដូច្នេះយើងមានតែបន្ដប្រើបរទេស ដើម្បីរក្សាកីឡាករសំខាន់ៗ ត្រៀមវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ Hun Sen Cup» ។ យ៉ាងណាមិញសម្រាប់ការប្រកួតលីគ លោកមិនសូវបារម្ភនោះទេ បន្ទាប់ពីក្រសួងការពារជាតិ អស់ឱកាសប្រជែងជើងឯកលីគ តែលោកក៏បានប្ដេជ្ញាជំរុញកូនក្រុមលេងឲ្យបាន ១០០% ដើម្បីស្វែងរកចំណាត់ថ្នាក់ដ៏ល្អមួយ ដោយគោរពគោលការណ៍ Fair-Play ។

ប៉ុន្តែទន្ទឹមជាមួយគ្នា លោកក៏ត្រូវការយកចិត្តទុកដាក់ចំពោះកីឡាកររបួស និងកីឡាករសំខាន់ៗមួយចំនួន សម្រាប់ត្រៀមវគ្គផ្ដាច់ព្រ័ត្រពាន Hun Sen Cup ដែរ តួយ៉ាងអ្នកចាំទី អ៊ុំ សេរីរ័ត្ន ដោយសារគេត្រូវសម្រាករយៈពេលយូ ដូច្នេះក្លឹបត្រូវការថ្នមអ្នកចាំទី អ៊ុំ វិចិត្រ ដើម្បីត្រៀមការប្រកួតលីគផង និងវគ្គផ្ដាច់ព្រ័ត្រពានសម្ដេចផងដែរ ។

គួរបញ្ជាក់ថា ចំពោះ ២ប្រកួតចុងក្រោយក្នុងលីគ គឺក្រសួងការពារជាតិ ត្រូវជួបក្រុមព្រះខ័នរាជស្វាយរៀងចុងសប្ដាហ៍នេះ បន្ទាប់មកទើបជួបក្រុមអគ្គិសនីកម្ពុជា នាចុងខែកញ្ញាខាងមុខ ។ រីឯការប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន គឺត្រូវជួបក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ(ប៉ូលិស) នាថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៨ខាងមុខ ៕

អត្ថបទ៖ បុត្រា

មតិយោបល់