គ្រូបឹងកេតថា ២ប្រកួតចុងក្រោយ សុទ្ធតែជំនួបផ្ដាច់ព្រ័ត្រ ពិសេសប៉ះភ្នំពេញក្រោន!

នូ មករា September 20, 2018


ភ្នំពេញ៖ ស្របពេលការប្រកួតក្របខណ្ឌលីគកំពូលកម្ពុជា ឆ្នាំ២០១៨ ខិតជិតដល់ទីបញ្ចប់ គេឃើញក្រុមលំដាប់កំពូលតារាងមានពិន្ទុប្រកៀកប្រកិតគ្នា បង្កើនការរៀបចំក្រុមកាន់តែខ្លាំង តួយ៉ាងក្រុមបឹងកេត ដែលកំពុងត្រូវក្រុមឈរកំពូលតារាង ណាហ្គាវើលនាំមុខ ២ពិន្ទុ ពួកគេបានតាំងចិត្តស្វែងរក ៦ពិន្ទុឲ្យខានតែបានពី ២ប្រកួតចុងក្រោយ ស្របពេលលោក ហៅ សុជាតិ បានចាត់ទុកគ្រប់ប្រកួតនៅសល់សុទ្ធតែជាជំនួបផ្ដាច់ព្រ័ត្រ ។

លោក ហៅ សុជាតិ គ្រូបង្វឹកក្រុមការពារតំណែងជើងឯកបឹងកេត បានលើកឡើងថា ទោះបីឱកាសប្រជែងជើងឯក មិនសូវមានច្រើន សម្រាប់ក្រុមបឹងកេត ប៉ុន្ដែលោកត្រូវការឈ្នះដាច់ខាតក្នុងចំណោម ២ប្រកួតចុងក្រោយ តែវាក៏មិនមែនជារឿងងាយស្រួលនោះដែរ ព្រោះអង្គរថាយហ្គឺរ និងភ្នំពេញក្រោន ដែលជាដៃគូប្រកួតបញ្ចប់លីគកំពូលកម្ពុជា ឆ្នាំ២០១៨ សុទ្ធតែជាឧបសគ្គ ពិសេសភ្នំពេញក្រោន ដែលសម្បូរដោយធនធានកីឡាករល្អៗតែម្ដង ។

លោកបានថ្លែងថា៖ «ទោះបីជើងទី១ យើងបានយកឈ្នះអង្គរថាយហ្គឺរ ៤-០ ក៏ពិតមែន ប៉ុន្ដែបច្ចុប្បន្នពួកគេ កំពុងឡើងជើងខ្លាំង ដូច្នេះវាមិនមែនជារឿងងាយស្រួលនោះទេ ។ ពិសេសនោះ គឺភ្នំពេញក្រោន យើងទាំងអស់គ្នាដឹងហើយ ពួកគេមានធនធានកីឡាករល្អៗច្រើន ណាមួយជាប្រកួតចុងក្រោយទៀត អុីចឹងគ្រប់ក្រុមប្រកួតចុងក្រោយ គឺត្រូវការលទ្ធផលល្អ ហេតុនេះ វាសុទ្ធតែជាការប្រកួតតានតឹងរបស់យើង ដូចវគ្គផ្ដាច់ព្រ័ត្រ តែយើងនឹងព្យាយាម ដើម្បីស្វែងរកជ័យជម្នះ» ។

សូមបញ្ជាក់ថា ចំពោះកម្មវិធីប្រកួតចុងក្រោយរបស់បឹងកេត គឺត្រូវជួបក្រុមអង្គរថាយហ្គឺរមុន នៅថ្ងៃទី២៣ ខែកញ្ញា បន្ទាប់មកទើបបើកទ្វារពហុកីឡដ្ឋានជាតិទទួលក្រុមភ្នំពេញក្រោន នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ខាងមុខ ៕

អត្ថបទ៖ បុត្រា

មតិយោបល់