កៅអីជម្រើសជាតិ អាចប្រែប្រួល សម្រាប់ការប្រមូលផ្ដុំជាថ្មី នាដើមខែក្រោយ

នូ មករា September 19, 2018


ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា គ្រោងធ្វើការប្រមូលផ្ដុំហ្វឹកហាត់ជាថ្មី នាដើមខែក្រោយ ពោលគឺក្រោយលីគកំពូលកម្ពុជាបញ្ចប់ភ្លាមៗ ។ ប៉ុន្ដែចំពោះសមាសភាពកីឡាករជម្រើសជាតិ ដែលបានប្រមូលផ្ដុំលើកដំបូង ក្រោមការដឹកនាំអ្នកចាត់ការថ្មីលោក Keisuke Honda នៅមិនទាន់ធានាកៅអីរបស់ខ្លួននោះទេ ដោយសារត្រូវមានការជ្រើសរើសថ្មី តាមរយៈការប្រកួតប៉ុន្មានប្រកួតចុងក្រោយ នៃលីគកំពូលកម្ពុជា ។

មន្ដ្រីរបស់ក្រុមរហស្សនាមគោព្រៃកម្ពុជា បានបង្ហើបថា កៅអីកីឡាករជម្រើសជាតិ ដែលលោក Honda បានដឹកនាំការប្រកួតមិត្តភាពលើកដំបូង ជាមួយក្រុមជម្រើសជាតិម៉ាឡេស៊ី កាលពីពេលថ្មីៗ គឺមិនប្រាកដរក្សានៅដដែលទាំងអស់ ឬផ្លាស់ប្ដូរប៉ុន្មាននាក់ទេ ព្រោះក្រុមការងារគ្រូបង្វឹក កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះសកម្មភាពរបស់ពួកគេ រួមទាំងកីឡាករដទៃទៀត ដែលមិនបានជាប់ជម្រើសជាតិលើកទី១ ។ ដូច្នេះក្រោយចប់លីគ បញ្ជីក្រុមជម្រើសជាតិ នឹងត្រូវបង្ហាញជាថ្មី ដើម្បីត្រៀមប្រមូលហ្វឹកហាត់តែម្ដង ។

គួរបញ្ជាក់ថា បញ្ជីឈ្មោះកីឡាករជម្រើសជាតិលើកដំបូង ដែលដឹកនាំដោយលោក Honda គឺមានសមាជិកក្លឹបភ្នំពេញក្រោន ៤នាក់, ក្រសួងការពារជាតិ ៤នាក់, ណាហ្គាវើល ៤នាក់, បឹងកេត ៣នាក់, ព្រះខ័នរាជស្វាយរៀង ៣នាក់, វិសាខា ៣នាក់, ប៉ូលិសម្នាក់ និងម្នាក់ទៀត គឺកីឡាករ ធារី ចន្ថាប៊ីន មកពីក្លឹប Tererngganu FC ប៉ុន្ដែមិនមានវត្តមានកីឡាករដ៏មានប្រជាប្រិយភាព ចាន់ វឌ្ឍនាកា នោះទេ ។ រីឯលទ្ធផលប្រកួត គឺចាញ់ម៉ាឡេស៊ី ៣-១ ។ ចំណែកឯភារកិច្ចបន្ទាប់របស់ក្រុមគោព្រៃកម្ពុជា ក្រោយប្រមូលផ្ដុំជាថ្មី គឺត្រូវប្រកួតមិត្តភាពជាមួយទីម័រខាងកើត នាថ្ងៃទី១២ ខែតុលា និងជួបសិង្ហបុរី នាថ្ងៃទី១៦ ខែតុលា ដើម្បីត្រៀមការប្រកួតផ្លូវការ នៃពាន AFF Suzuki Cup 2018 នាខែវិច្ឆិកាខាងមុខ ៕

អត្ថបទ៖ បុត្រា

មតិយោបល់