កៅអី Top-Scorers នៃលីគកំពូលកម្ពុជា សប្ដាហ៍ទី២០ តានតឹងកាន់តែខ្លាំង!

នូ មករា September 18, 2018


ភ្នំពេញ៖ កីឡាករបរទេស ២រូប កំពុងធ្វើឲ្យកក្រើកតារាងចំណាត់ថ្នាក់ អ្នកទាត់បាល់បញ្ចូលទីច្រើនជាងគេ(Top-Scorers) នៃលីគកំពូលកម្ពុជា រួមមានកីឡាករ Befolo Mbarga Jean Marie Privat មកពីក្លឹបអាស៊ីអឺរ៉ុប និងកីឡាករ Bisan George មកពីក្លឹបណាហ្គាវើល ដែលរកបាន ២២គ្រាប់ស្មើគ្នា ក្រោយឆ្លងកាត់ការប្រកួតសន្សំពិន្ទុ សប្ដាហ៍ទី២០ រួចមក ។

សម្រាប់ Privat បានឡើងឈរលំដាប់កំពូលតារាង Top-Scorers ជាថ្មីវិញ បន្ទាប់ពីជួយក្រុមអាស៊ីអឺរ៉ុប យកឈ្នះក្រុមខ្លាំងភ្នំពេញក្រោន ៣-២ ខណៈរកបាន ២គ្រាប់ម្នាក់ឯងក្នុងប្រកួតនេះ ។ រីឯកីឡាករ Bisan George គឺរកបាន ១គ្រាប់ក្នុងការប្រកួតសប្ដាហ៍ទី២០ ដោយជួយណាហ្គាវើល លត់ក្រសួងការពារជាតិ ២-០ ដែលនាំឲ្យកីឡាករទាំងពីររកបានគ្រាប់បាល់សរុប ២២គ្រាប់ស្មើគ្នា ។ តាមរយៈសមិទ្ធិផលពួកគេធ្វើបានពេលនេះ គឺសបញ្ជាក់ឲ្យឃើញនូវការប្រកួតប្រជែងកាន់តែខ្លាំង សម្រាប់ ២ប្រកួតចុងក្រោយ ពិសេសគឺកីឡាករ Bisan George ដែលមានភារកិច្ចជួយក្រុមរក្សាកៅអីកំពូលតារាង ដើម្បីប្រជែងតំណែងជើងឯក ។

ចំណែក Privat ក៏មិនទាន់រំពឹងទទួលបានស្បែកជើងមាសនោះដែរ ដោយសារក្រុមនីមួយៗ សុទ្ធតែសល់ ២ប្រកួតក្នុងដៃ និងមានឱកាសស្វែងរកគ្រាប់បន្ថែមរៀងៗខ្លួន ។ ដោយឡែកចំពោះកីឡាករ ដេញតាមពីក្រោយអ្នកទាំងពីរ ហាក់មិនសូវសង្ឃឹមក្នុងការប្រជែងស្បែកជើងមាសនោះទេ ព្រោះគ្រាប់បាល់ដាច់ឆ្ងាយពីគ្នា តួយ៉ាងសមាជិកក្រុមបឹងកេត Julius រកបាន ១៦គ្រាប់ និងមិត្តរួមក្រុម Maycon រកបាន ១៥គ្រាប់ ។ រីឯកីឡាករសូលទីឡូអង្គរ Bata រកបាន ១៤គ្រាប់ ស្របពេលកីឡាករណាហ្គាវើល Osa និងសមាជិកក្រុមវិសាខា Choe Myong Ho ទើបរកបានម្នាក់ ១២គ្រាប់ប៉ុណ្ណោះ ៕

អត្ថបទ៖ បុត្រា

មតិយោបល់