គ្រូភ្នំពេញក្រោន ត្រូវការឈ្នះ ២ប្រកួតចុងក្រោយ ដើម្បីរក្សាកៅអី Top-5

នូ មករា September 18, 2018


ភ្នំពេញ៖ ក្រោយភ្លាត់ចាញ់ក្រុមអាស៊ីអឺរ៉ុប ៣-២ ក្នុងជំនួបជើងទី២ នៃលីគកំពូលកម្ពុជា កាលពីចុងសប្ដាហ៍កន្លងទៅ លោក Sean Sainsbury គ្រូបង្វឹកក្រុមភ្នំពេញក្រោន បានសម្ដែងនូវការសោកស្ដាយជាខ្លាំង តែលោកបានប្ដេជ្ញាចិត្តថា នឹងព្យាយាមជំរុញកូនក្រុមធ្វើឲ្យបានល្អក្នុងចំណោម ២ប្រកួតចុងក្រោយ ដើម្បីរក្សាកៅអីចំណាត់ថ្នាក់លេខ៥(Top-5) ក្នុងក្របខណ្ឌលីគកំពូលកម្ពុជា ឆ្នាំ២០១៨ ។
គ្រូបង្វឹកជនជាតិអង់គ្លេសរូបនេះ បានលើកឡើងក្រោយការប្រកួតចាញ់អាស៊ីអឺរ៉ុបថា ការបរាជ័យនេះ បានត្រឹមធ្វើឲ្យលោកសោកស្ដាយ ព្រោះឱកាសរបស់ភ្នំពេញក្រោនមានច្រើនជាង តែបែរជ័យជម្នះរត់ទៅរកក្រុមអាស៊ីអឺរ៉ុប ដែលមានឱកាសតិចតួចជាងទៅវិញ ។ និយាយរួមជួបគ្នា ២ជើង គឺមិនខុសគ្នានោះទេ ដោយភ្នំពេញក្រោនខ្វះសំណាងក្នុងការបញ្ចប់ទី ដែលធ្វើឲ្យជើងទី១ បានត្រឹមស្មើគ្នា ខណៈជើងទី២ ចាញ់អាស៊ីអឺរ៉ុប ៣-២ ។ ប៉ុន្ដែយ៉ាងណាលោកមិនទាន់បោះបង់ឱកាសប្រកួតបន្ដ ដែលនៅសល់ ២ប្រកួតក្នុងដៃឡើយ ដោយលោកបានប្ដេជ្ញានឹងជួយក្រុមស្វែងរកជ័យជម្នះឲ្យបាន ដើម្បីរក្សាកៅអីចំណាត់ថ្នាក់លេខ៥ ។

លោក Sean បានបន្តថា៖ «ចំពោះប្រកួតនៅសល់ ពួកយើងត្រូវការឈ្នះឲ្យខានតែបាន ដើម្បីរក្សាចំណាត់ថ្នាក់លេខ៥ រហូតដល់ចប់រដូវកាល គឺយើងមិនត្រូវការឲ្យឱកាសល្អកន្លងផុត ដូចពេលជួបអាស៊ីអឺរ៉ុបឡើយ ។ ដូច្នេះយើងត្រូវតែឈ្នះ ក៏ដូចជាខំប្រឹង ចំពោះការប្រកួតបន្ទាប់ទាំងក្នុងដី និងក្រៅដី» ។ គួរបញ្ជាក់ថា ភ្នំពេញក្រោនបានឆ្លងកាត់ ២០ប្រកួតមកហើយ ដោយកំពុងឈរលេខរៀងទី៥ បណ្ដោះអាសន្ន ជាមួយលទ្ធផល ២០ប្រកួតឈ្នះ៩ ស្មើ៣ និងចាញ់ ៨ មាន៣០ពិន្ទុ ។ រីឯប្រកួតនៅសល់ រួមមានជួបក្រុមវេស្ទើនភ្នំពេញ នាថ្ងៃទី២៣ ខែកញ្ញា និងប្រកួតចុងក្រោយប៉ះក្រុមការពារតំណែងជើងឯកបឹងកេត នាល្ងាចថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ ៕
អត្ថបទ៖ បុត្រា

មតិយោបល់