លោក គីម ហ៊ាង ប្រកាសគ្រោងបង្កើតក្រុមហ៊ុនបាល់ទាត់យ៉ាងយូរនៅឆ្នាំ២០២៥

នូ មករា September 18, 2018


ភ្នំពេញ៖ លោកបណ្ឌិត គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានប្រកាសដំណឹងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ដោយលោកបានកំណត់រយៈពេលយ៉ាងយូនៅឆ្នាំ២០២៥ លោកនឹងបង្កើតក្រុមហ៊ុនបាល់ទាត់មួយដើម្បីធ្វើអាជីវកម្ម និងជំរុញក្រុមបាល់ទាត់ផ្ទាល់ខ្លួន គឺក្រុម Khmer United ឲ្យបានចូលរួមលេងលីគកំពូលកម្ពុជា ដោយឈរលើគោលការណ៍មួយច្បាស់លាស់ក្នុងរយៈពេល ៧ឆ្នាំខាងមុខ ។

ជុំវិញការអះអាងរបស់ប្រមុខថ្នាក់ដឹកនាំសមាគមដីធ្លីកម្ពុជាខាងលើ បានធ្វើឡើងក្រោយបញ្ចប់ការប្រកួតពានរង្វាន់ពាក់កណ្ដាលអាជីព Khmer Real Estate League និង Cup រដូវកាលទី៧ ឆ្នាំ២០១៨ នៅទីលានដុនបូស្កូកាលពីម្សិលមិញ ខណៈពាននេះគឺផ្ដួចផ្តើមបង្កើតឡើងដោយអគ្គនាយកក្រុមហ៊ុន ខ្មែរ រៀល អ៊ីស្ទេតខាងលើផ្ទាល់តែម្ដង ស្របពេលក្រុម Khmer United ដែលមានរូបលោកជាប្រធានក្លឹប ក៏បានចូលរួមផងដែរ ហើយទើបដណ្ដើមបានជើងឯកពាន KRE-Cup ទៀតផង ។

លោកបណ្ឌិត គីម ហ៊ាង បានលើកឡើងថា គោលដៅបង្កើតពានមានរយៈពេល ១០ឆ្នាំ(២០១២-២០២១) តែក្រោយចប់ ១០ឆ្នាំលោកនឹងបន្ដផែនការថ្មី គឺពានថ្មី ដែលមានការចូលរួមពីក្រុមហ៊ុនដៃគូ និងជំរុញក្រុម Khmer United ចូលលេងលីគទី២ ក៏ដូចជាលីគកំពូល ត្រឹមឆ្នាំ២០២៥ ។ តែពិសេស គឺលោកបានបង្ហើបនូវគម្រោងដ៏ធំ គឺការបង្កើតនូវក្រុមហ៊ុនបាល់ទាត់ ដើម្បីធ្វើអាជីវកម្មក្នុងឆ្នាំនោះផងដែរ ។

លោកបានថ្លែងថា៖ «ខ្ញុំមានគំនិត គឺខ្ញុំនឹងបង្កើតជាក្រុមហ៊ុនបាល់ទាត់ហ្មង ព្រោះឆ្នាំ២០២៥ ខ្ញុំនឹងជំរុញ Khmer United ចូលដល់លីគកំពូល តែយើងចូលលីគ បើចូលមិនមែនលក្ខណៈក្រុមហ៊ុនទេ យើងមិនមានហិរញ្ញវត្ថុទ្រទ្រង់បានទេ»។ អគ្គនាយកក្រុមហ៊ុន ខ្មែរ រៀល អ៊ីស្ទេត ដដែលថា ពីមួយថ្ងៃទៅមួយថ្ងៃ កីឡាករខ្មែរ មានសមត្ថភាពកាន់តែច្រើន ហើយអាចលេងក្រៅស្រុកបាន និងរកចំណូលបានច្រើន ដូច្នេះ ៧ឆ្នាំក្រោយ គឺជាពេលដ៏សាកសម សម្រាប់លោកបង្កើតក្រុមហ៊ុនបាល់ទាត់ ។ លោកបានបន្តថា៖ «សព្វថ្ងៃបាល់ទាត់កម្ពុជា គឺនិយាយពីការស្រលាញ់ ពេញចិត្ដ ស្ម័គ្រចិត្ត ហើយចេញលុយផ្ទាល់ខ្លួន តែ ៧ឆ្នាំក្រោយ បាល់ទាត់នឹងក្លាយជាអាជីវកម្មមួយ ដែលអាចរកចំណូលបាន ។ អុីចឹងខ្ញុំរីករាយនឹងបង្កើតជាក្រុមហ៊ុនបាល់ទាត់មួយ គឺយ៉ាងយូបំផុតត្រឹមឆ្នាំ២០២៥ ដើម្បីជំរុញក្រុម Khmer United បានចូលលេងលីគកំពូលកម្ពុជាតែម្ដង» ។

គួរបញ្ជាក់ថា បច្ចុប្បន្នក្រៅពីចំណាយថវិកាដ៏ច្រើន ដើម្បីរៀបចំពាន Khmer Real Estate និងទ្រទ្រង់ក្រុម Khmer United អ្នកជំនាញដីធ្លីខាងលើ បានជួលគ្រូជំនាញបង្កើតឲ្យមានក្រុមបាល់ទាត់ថ្នាលមួយ សម្រាប់ជាទិសដៅឆ្ពោះទៅសម្រេចគោលដៅក្នុងរយៈពេល ៧ឆ្នាំខាងមុខ ដែលបច្ចុប្បន្នក្រុមបាល់ទាត់ថ្នាលរបស់លោកមានសមាជិកសរុបជាង ១០០នាក់ឯណោះ តែរាល់ការចំណាយ និងការចូលរួមហ្វឹកហាត់ គឺប្រធានសមាគម CVEA ជាអ្នកចំណាយទាំងស្រុងតែម្ដង ៕

អត្ថបទ៖ បុត្រា

មតិយោបល់