គ្រូវិសាខា ចង់ឃើញកូនក្រុមខំប្រឹង ដើម្បីកៅអីជម្រើសជាតិត្រៀមពាន Suzuki Cup

នូ មករា September 17, 2018


ភ្នំពេញ៖ លោក ហុក សុជីវ័ន គ្រូបង្វឹកក្រុមបាល់ទាត់វិសាខា បានធ្វើការជំរុញកូនក្រុម និងចង់ឃើញពួកគេបង្ហាញទម្រង់លេងកាន់តែល្អ សម្រាប់ប្រកួតនៅសល់ក្នុងលីគ ដើម្បីស្វែងរកកៅអីជម្រើសជាតិ ត្រៀមប្រកួតមិត្តភាពអន្ដរជាតិ និងពានរង្វាន់ AFF Suzuki Cup 2018 ក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅក្រុមថ្មី គឺលោក Keisuke Honda ។ ការលើកឡើងនេះ គឺបន្ទាប់ពីក្រុមវិសាខា បានយកឈ្នះក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ(ប៉ូលិស) ដោយលទ្ធផល ៤-១ ក្នុងជំនួបជើងទី២ នៃលីគកំពូលកម្ពុជា សប្ដាហ៍ទី២០ កាលពីចុងសប្ដាហ៍កន្លងទៅ ។

លោកបានថ្លែងថា ការប្រកួតនេះ កូនក្រុមខ្លួន ក៏ដូចជាកីឡាកររបស់ប៉ូលិស សុទ្ធតែបានបង្ហាញនូវទម្រង់លេងល្អរៀងៗខ្លួន ដូច្នេះលោករំពឹងថា ពួកគេនឹងធ្វើបានកាន់តែល្អសម្រាប់ ២ប្រកួតចុងក្រោយ ។ «ការប្រកួតនេះតានតឹងមែន ព្រោះជាការប្រកួតមួយដែលកីឡាករប្រឹងប្រែងដោយប្រើឆន្ទៈខ្លាំង ចង់ឈ្នះរៀងខ្លួន ។ ចឹងអ្វីដែលលេង គឺកីឡាករបង្ហាញ ១០០% ។ ចឹងខ្ញុំសង្ឃឹមថា ប៉ុន្មានប្រកួតចុងក្រោយ រាល់ក្រុមទាំងអស់ ខ្ញុំចង់ឃើញក្រុមទាំងអស់លេង ១០០% ដូចគ្នា ដើម្បីជាគោលដៅរបស់ក្រុមជម្រើសជាតិ ដែលត្រូវឆ្លងកាត់ការជ្រើសរើសជាបន្ដបន្ទាប់ក្នុងក្រុមជម្រើសជាតិ ដើម្បីត្រៀមប្រកួតមិត្តភាព និងពាន Suzuki Cup» ។

គួរបញ្ជាក់ថា ក្រោយយកឈ្នះក្រុមប៉ូលិស ដែលជួយវិសាខាសងសឹកបានវិញ ក្រោយចាញ់កាលពីជើងទី១ ដោយលទ្ធផល ៣-១ ក្រុមលោក ហុក សុជីវ័ន បានរក្សាកៅអីលេខ៣ និងមាន ៤៥ពិន្ទុ ។ ចំណែក ២ប្រកួតចុងក្រោយរបស់ក្រុមទើបឡើងមកលេងលីគកំពូលកម្ពុជាឆ្នាំដំបូងនេះ គឺត្រូវជួបក្រុមណាហ្គាវើល នាថ្ងៃទី២៣ ខែកញ្ញា និងជួបក្រុមព្រះខ័នរាជស្វាយរៀង នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ខាងមុខ ៕

អត្ថបទ៖ បុត្រា

មតិយោបល់