ពិតជាមិនធម្មតា! ៣ចំនុចពិសេសៗ នៃកីឡដ្ឋានត្រៀមស៊ីហ្គេម ២០២៣

នូ មករា September 17, 2018


ភ្នំពេញ៖ កីឡដ្ឋានបាល់ទាត់ធំ ឬ Main Stadium នៃពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាកន្លែងត្រៀមរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ បានសម្រេចសមិទ្ធិផលប្រមាណ ២០% ហើយ ។ នេះបើតាមការបញ្ជាក់របស់លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) អំឡុងពេលដឹកនាំគណៈកម្មការអន្ដរក្រសួង ចុះត្រួតពិនិត្យការដ្ឋានសាងសង់កាលពីចុងសប្ដាហ៍កន្លងទៅ ។

ទន្ទឹមជាមួយគ្នានេះដែរ លោករដ្ឋមន្ដ្រី បានរំលេចនូវចំនុចពិសេសៗ ៣ នៃកីឡដ្ឋាននេះ ដែលអ្នកនិយមគាំទ្រវិស័យកីឡាបានដឹងហើយនឹងមានការភ្ញាក់ផ្អើលជាក់ជាមិនខាន! ។ ក្នុងនោះគឺទី១៖ ពាក់ព័ន្ធប្រព័ន្ធសុវត្ថិភាព ទី២៖ ស្ដង់ដារក្នុងការសាងសង់ និងទី៣ ពាក់ព័ន្ធសមត្ថភាពទទួលរៀបចំព្រឹត្តិការណ៍អន្ដរជាតិផ្សេងៗ ដែលធ្វើឲ្យថ្នាក់ដឹកនាំ NOCC និងគ្រប់ស្ថាប័ន ក៏ដូចជាភាគីពាក់ព័ន្ធមានមោទកភាព ចំពោះសមិទ្ធិផលដ៏អស្ចារ្យជាប្រវត្តិសាស្ដ្រក្នុងសម័យរីកចម្រើននាពេលបច្ចុប្បន្ន ។

ចំពោះចំនុចពិសេស ទី១-ពាក់ព័ន្ធប្រព័ន្ធសុវត្ថិភាព៖ កីឡដ្ឋានខាងលើ គ្រោងចំណាយថវិកាសាងសង់ប្រមាណ ១៥៧លានដុល្លារ ដែលជាជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលចិន ហើយអាចផ្ទុកអ្នកទស្សនាបានរហូតដល់ទៅ ៦០,០០០ម៉ឺននាក់ឯណោះ ។ ប៉ុន្ដែចំណុចពិសេសនេះ ក្រុមការងារបច្ចេកទេសបានរៀបចំនូវច្រកសុវត្ថិភាពដែលអាចជម្លៀសអ្នកគាំទ្រទាំង ៦០,០០០នាក់ក្នុងរយៈពេលត្រឹមតែ ៧នាទីប៉ុណ្ណោះ ក្នុងករណីពេលមានអាសន្ន ។

ទី២-ស្ដង់ដារក្នុងការសាងសង់៖ កីឡដ្ឋានទទួលសិទ្ធិសាងសង់ដោយក្រុមហ៊ុនចិននេះដែរ បានប្រើប្រាស់នូវបច្ចេកទេសចុងក្រោយ និងមានអ្នកជំនាញគ្រប់ផ្នែកសហការសាងសង់ ។ ជាការកត់សម្គាល់ ការលាយស៊ីម៉ង់តិ៍សម្រាប់ប្រើប្រាស់បានយ៉ាងរលោង ដោយមិនបានធ្វើការខាត់នោះទេ ហើយក្រោយសាងសង់រួច ប្រធានការដ្ឋានសាងសង់លោក Wang Qun Qing រំពឹងថា កីឡដ្ឋាននេះ នឹងក្លាយជាកីឡដ្ឋានធំ និងស្រស់ស្អាតជាងគេមួយក្នុងទ្វីបអាស៊ី ។

ទី៣៖ សមត្ថភាពទទួលរៀបចំព្រឹត្តិការណ៍អន្ដរជាតិផ្សេងៗ៖ កីឡដ្ឋាននេះ ត្រូវបានសាងសង់ឡើង ក្នុងគោលបំណងសំខាន់ត្រៀមធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ប៉ុន្ដែលោក Wang Qun Qing អះអាងថា កីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោនេះ ក៏មានសមត្ថភាពអាចទទួលរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិកបានទៀតផង ។ ការអះអាងបែបនេះ ដោយសារលោកជឿជាក់លើស្ដង់ដារសាងសង់ សោភ័ណ្ឌភាព និងកន្លែងអង្គុយ ដែលអាចផ្ទុយអ្នកទស្សនាបាន ៦ម៉ឺននាក់ផ្ទាល់តែម្ដង ។

គួរបញ្ជាក់ថា កីឡដ្ឋានបាល់ទាត់ធំ ឬ Main Stadium ខាងលើ គឺស្ថិតនៅតំបន់អភិវឌ្ឍន៍លោកឧកញ៉ា លី យ៉ុងផាត់ និងជាគម្រោងសាងសង់ដំណាក់កាលទី២ នៃពហុកីឡដ្ឋានជាតិមរតកតេជោ ដែលគ្រោងចំណាយពេលសាងសង់ ៤០ខែ ពោលគឺគ្រោងបញ្ចប់ជាស្ថាពរ នាឆ្នាំ២០២០ខាងមុខ ។ យ៉ាងណាក៏ដោយ ដំណាក់កាលទី១ បានបញ្ចប់ការសាងសង់ និងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ ដែលរួមមានមជ្ឈមណ្ឌលកីឡាហែលទឹក មជ្ឈមណ្ឌលកីឡាក្នុងសាល អាគារស្នាក់នៅរបស់អត្តពលិក និងទីលានក្រៅសាលមួយចំនួនទៀត ៕

អត្ថបទ៖ បុត្រា

មតិយោបល់