មិនធម្មតា! បឹងកេត ត្រៀមធ្វើកីឡដ្ឋានធំ ២ មួយនៅភ្នំពេញ និងមួយនៅកំពង់ចាម

នូ មករា September 16, 2018


ភ្នំពេញ៖ ទីបំផុតប្រមុខថ្នាក់ដឹកនាំក្រុមបឹងកេតអែហ្វស៊ី បានទម្លាយនូវដំណឹងដ៏ល្អ សម្រាប់អ្នកគាំទ្រខ្លួន ជុំវិញការសាងសង់កីឡដ្ឋានផ្ទាល់ខ្លួនហើយ ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើល គឺក្លឹបជើងឯកលីគកំពូលកម្ពុជា ៣ជំនាន់ បានប្រកាសនឹងធ្វើកីឡដ្ឋានធំៗចំនួន ២ ដោយមួយនៅជាយក្រុងភ្នំពេញ និងមួយនៅខេត្តកំពង់ចាម ។ នេះបើតាមការបញ្ជាក់របស់លោក បែ មករា អ្នកចាត់ការទូទៅក្រុមបឹងកេតអែហ្វស៊ី ។

 

លោក បែ មករា បាននិយាយដោយសង្ខេបថា៖ «ពេលនេះក្លឹបបានកំណត់ទីតាំង សម្រាប់សាងសង់កីឡដ្ឋានផ្ទាល់ខ្លួនរួចហើយ ដោយបែងចែកជា ២គម្រោង ក្នុងនោះគម្រោងទី១ ត្រូវសាងសង់មុនលើដីមួយកន្លែង ស្ថិតនៅសង្កាត់បឹងស្នោរ ខណ្ឌច្បារអំពៅ ហើយក្រោយចប់គម្រោងទី១ ទើបក្លឹបបន្ដសាងសង់គម្រោងទី២ ដែលមានទីតាំងនៅខេត្តកំពង់ចាម ។ ប៉ុន្ដែចំពោះទំហំចំណាយ ក្លឹបមិនទាន់ច្បាស់នោះទេ ។» នេះគឺជាដំណឹងដ៏ល្អសម្រាប់អ្នកគាំទ្រក្លឹបមានប្រភពពីខេត្តកំពង់ចាមមួយនេះ ពិសេសអ្នកគាំទ្ររស់នៅក្បែរទីតាំងក្លឹបត្រូវសាងសង់កីឡដ្ឋានផ្ទាល់ខ្លួនតែម្ដង ។

នេះក៏ជាសមិទ្ធិផលដ៏ធំសម្បើមរបស់ក្លឹប បន្ទាប់ពីធ្វើការផ្លាស់ប្ដូរម្ចាស់ថ្មី គឺលោកស្រី ពុទ្ធ ធីតា ដោយលោកស្រីបានឈរលើគោលការណ៍អភិវឌ្ឍន៍ និងធ្លាប់បានប្រកាសត្រៀមដើមទុនដ៏ច្រើន ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធ និងជំរុញក្លឹបបឹងកេតឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ។ បើតាមការបញ្ជាក់បន្ថែមរបស់អ្នកចាត់ការទូទៅក្រុមខាងលើ គម្រោងទី១ នៃកីឡដ្ឋានរបស់បឹងកេត គ្រោងនឹងចាប់ផ្ដើមក្នុងពេលឆាប់ៗខាងមុខ ដើម្បីត្រៀមរដូវកាលថ្មី នៃលីគកំពូលកម្ពុជា និងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ក៏ដូចជាព្រឹត្តិការណ៍ផ្សេងៗ ទៀត ៕

អត្ថបទ៖ បុត្រា

មតិយោបល់