Messi Jay និងកីឡាករថៃឆ្នើមៗ ៣រូបទៀត បាត់បង់ឱកាសមាសនៅ AFF Suzuki Cup ឆ្នាំនេះ!

នូ មករា September 14, 2018


ថៃ៖ សមាគមបាល់ទាត់ប្រទេសថៃ ទើបតែបានប្រកាសឲ្យដឹងនារសៀលថ្ងៃទី១៤ ខែកញ្ញានេះថា កីឡាករឆ្នើម ៤រូបរបស់ខ្លួនដែលកំពុងលេងនៅបណ្តាលីគក្រៅស្រុកនឹងមិិនត្រូវបានគ្រូបង្វឹក Milovan Rajevac កោះហៅឲ្យចូលរួមជាមួយក្រុមជម្រើសជាតិសម្រាប់ការប្រកួត AFF Suzuki Cup 2018 ដែលជាព្រឹត្តិការណ៍ដ៏ធំប្រចាំតំបន់អាសុីអាគ្នេយ៍នោះទេ ។

គ្រូបង្វឹកជនជាតិសែប៊ីរូបនេះបានបញ្ជាក់ថា ពួកគេគឺជាកីឡាករល្អៗរបស់ថៃ ប៉ុន្តែឆ្លងកាត់ការប្រកួតកន្លងមកបានបង្ហាញឲ្យឃើញថា ក្រុមជម្រើសជាតិថៃដែលមានសមាជិកជាយុវជនភាគច្រើនធ្វើបានយ៉ាងល្អ ដូច្នេះវាជាពិតជារឿងដ៏សំខាន់ដែលត្រូវទុកឱកាសដល់ពួកគេឲ្យបានចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតផ្លូវការដ៏ធំនេះ ។

សូមបញ្ជាក់ថា កីឡាករទាំង ៤រូបរួមមាន៖ Chanathip Songkrasin ដែលកំពុងលេងនៅក្លឹប Hokkaido Consodole Sapporo នៅលីគទី១ ជប៉ុន និងធ្លាប់ឈ្នះពានកីឡាករល្អ (MVP) ប្រចាំព្រឹត្តិការណ៍ AFF កាលពីឆ្នាំ២០១៦ កន្លងមក, ទី២ គឺកីឡាករ Teerasil Dangda ម្ចាស់ពានស្បែកជើងមាសក្នុងការប្រកួត AFF Suzuki Cup 2016 និងកំពុងប្រកបអាជីពនៅលីគទី១ ជប៉ុនជាមួយក្លឹប Sanfrecce Hiroshima, ទី៣  កីឡាករ Theerathon Bunmathan ដែលកំពុងលេងនៅក្លឹប Vissel Kobe ក្លឹបកំពូលជប៉ុន ចំណែកអ្នកទី៤ គឺអ្នកចាំទី Kawin Thamsatchanan ដែលលេងនៅលីគទី២ របស់បែលហ្សុិកជាមួយក្លឹប  OH Leuven ។

គួររំលឹកថា ក្រុមដំរីសឹកថៃ គឺជាក្រុមដែលទទួលបានជោគជ័យច្រើនជាងគេនៅក្នុងប្រវត្តិសាស្ត្រពាន AFF Suzuki Cup ដែលត្រូវបានបង្កើតឡើងជាផ្លូវការតាំងពីឆ្នាំ១៩៩៦ មកដោយធ្លាប់បានគ្រងតំណែងជើងឯកចំនួន ៥លើករួចមកហើយ  ៕

អត្ថបទ៖ មករា

មតិយោបល់