CAMSPORTS ផ្សាយផ្ទាល់ជំនួបរវាង ក្រុមនារីភ្នំពេញក្រោន និងក្រុមនារីខេត្តកំពង់ឆ្នាំង ថ្ងៃស្អែក

នូ មករា September 14, 2018


ភ្នំពេញ៖ នៅវេលាម៉ោង ២.០០ រសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ ស្អែកនេះ ទំព័រហ្វេសប៊ុកព័ត៌មានកីឡាខេមស្ប៉ត (CAMSPORTS) នឹងធ្វើការផ្សាយផ្ទាល់ពីការប្រកួតមិត្តភាពកម្តៅសាច់ដុំរវាងក្រុមម្ចាស់ផ្ទះគឺ ក្រុមនារីភ្នំពេញក្រោន និងក្រុមនារីខេត្តកំពង់ឆ្នាំង ដែលនឹងប្រព្រឹត្តទៅនៅលើទីលានហ្វឹកហាត់នៃកីឡដ្ឋាន RSN  ។ សម្រាប់ទស្សនជនក៏អាចចូលរួមទស្សនាដោយសេរីដើម្បីលើកទឹកចិត្តដល់ក្រុមទាំងពីរ ឬទស្សនាតាមរយៈការផ្សាយផ្ទាល់ក៏បាន ។

សូមបញ្ជាក់ដែរថា ក្រុមនារីភ្នំពេញក្រោនទើបតែបានគ្រងតំណែងជើងឯកពាន NERC Cup 2018 ដែលជាការប្រកួតកម្រិតសហគមន៍កាលពីខែមុន ។ ចំណែកក្រុមនារីខេត្តកំពង់ឆ្នាំជាក្រុមខ្លាំងមួយដែលធ្លាប់ចូលរួមការប្រកួតផ្លវការនានាដូចជាក្នុងព្រឹត្តិការណ៍កីឡាជាតិជាដើម ។

អ្នកនាង ស៊ុន ដាឡែន អ្នកចាត់ការក្រុមភ្នំពេញក្រោននារី បានថ្លែងថា នេះជាការប្រកួតកម្តៅសាច់ដុំមួយដើម្បីពង្រឹងសមត្ថភាពក្រុមទាំងពីរត្រៀមចូលរួមការប្រកួតធំៗនាពេលខាងមុខ ។ ជាមួយគ្នានេះ អ្នកនាងបានបញ្ជាក់ថា ទោះបីជានៅកម្ពុជាមុនសូវមានព្រឹត្តិការណ៍ប្រកួតសម្រាប់ក្របខណ្ឌនារីក្តី ក៏ក្រុមបាល់ទាត់នារីទាំងអស់មិនថាតែក្រុមភ្នំពេញក្រោននោះទេ សុទ្ធតែបានបន្តការហ្វឹកហាត់យ៉ាងសកម្ម ហើយសង្ឃឹមថា នឹងអាចចូលរួមការប្រកួតនានាបានទាំងកម្រិតជាតិ និងអន្តរជាតិ ៕

អត្ថបទ៖ មករា

 

មតិយោបល់