កត្ដាមួយនេះហើយ ដែលធ្វើឲ្យ Honda ដាក់ចិត្តដឹកនាំគោព្រៃកម្ពុជា ដោយមិនខ្លាចប្រឈមបញ្ហា!

នូ មករា September 14, 2018


ភ្នំពេញ៖ ទោះបីមានការបញ្ជាក់ម្ដងហើយម្ដងទៀត ជុំវិញការសម្រេចចិត្តមកដឹកនាំក្រុមជម្រើសជាតិកម្ពុជា ក្នុងនាមអ្នកចាត់ការទូទៅក្រុម ពីសំណាក់តារាបាល់ទាត់អាស៊ីលោក Keisuke Honda ប៉ុន្ដែអ្នកគាំទ្រមួយចំនួន នៅតែមានចម្ងល់ហេតុអ្វីបានជាអតីតសមាជិកក្លឹប AC Milan រូបនេះ មកដឹកនាំក្រុមរហស្សនាមគោព្រៃកម្ពុជាដូច្នេះ?

ទន្ទឹមជាមួយគ្នាលោក Honda ក៏បានបញ្ជាក់ផងដែរថា លោកបានដាក់ចិត្តមកជួយកម្ពុជា ព្រោះហេតុផលជាច្រើន តែការបញ្ជាក់លើកចុងក្រោយ អាចនឹងធ្វើឲ្យអ្នកគាំទ្រ រួមទាំងកីឡាករផ្ទាល់ មានការប្ដេជ្ញាចិត្តកាន់តែខ្ពស់ជាមួយលោក ។ លោកនិយាយថា៖ «ខ្ញុំពិតជាចូលចិត្តកីឡាករកម្ពុជា ។ តែអ្វីដែលខ្ញុំចូលចិត្តជាងគេ គឺកីឡាករទាំងអស់ ចង់ជោគជ័យក្នុងអាជីពរបស់ពួកគាត់ ហើយខ្ញុំចង់គាំទ្រ និងជំរុញពួកគាត់ឲ្យសម្រេចគោលដៅជោគជ័យក្នុងអាជីពដូចគ្នា» ។

ការលើកឡើងនេះ គឺបន្ទាប់ពីលោកដឹកនាំក្រុមជម្រើសជាតិកម្ពុជា ប្រកួតដំបូងចាញ់ក្រុមភ្ញៀវម៉ាឡេស៊ី ក្នុងជំនួបមិត្តភាពអន្ដរជាតិកាលពីដើមសប្ដាហ៍កន្លងទៅ ។ ប៉ុន្ដែយ៉ាងណាលោកបានអះអាងថា លោកមកដឹកនាំកម្ពុជា គឺលោកត្រៀមចិត្តហើយជាស្រេច ដើម្បីទទួលយកនូវលទ្ធផលទាំងវិជ្ជមាន និងអវិជ្ជមាន ព្រោះការដឹកនាំក្រុមគោព្រៃកម្ពុជា គឺប្រឈមនឹងបញ្ហាច្រើន ។ ដូច្នេះលោកក៏បានស្នើសុំចិត្តអ្នកគាំទ្រ មេត្ដាទុកពេលវេលាដល់រូបលោក ដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់កម្ពុជា ក្នុងនាមលោកជាអ្នកចាត់ការទូទៅក្រុមផងដែរ ៕

អត្ថបទ៖ បុត្រា

មតិយោបល់