Keisuke Honda បង្ហាញទំនុកចិត្តខ្ពស់ក្នុងការកសាងក្រុមកម្ពុជាឆ្ពោះទៅកាន់ភាពខ្លាំងក្លា!

នូ មករា September 13, 2018


ភ្នំពេញ៖ អ្នកចាត់ការទូទៅក្រុមជម្រើសជាតិគឺលោក Keisuke Honda បានបង្ហោះសារអរគុណ និងការប្តេជ្ញាចិត្តនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនក្រោយដឹកនាំក្រុមគោព្រៃកម្ពុជាជាលើកដំបូងក្នុងជំនួបជាមួយក្រុមជម្រើសជាតិម៉ាឡេសុីកាលពីដើមសប្តាហ៍នេះរួចមក ។

តារាបាល់ទាត់លំដាប់ពិភពលោករូបនេះបានសរសេរថ្លែងអំណរគុណដល់អ្នកគាំទ្រកម្ពុជាដែលបានធ្វើដំណើរមកកាន់ពហុកីឡដ្ឋានជាតិ ក៏ដូចជាបានចូលរួមទស្សនាលើកទឹកចិត្តដល់ក្រុមកម្ពុជាទាំងភ្លៀងនោះ បន្ថែមពីលើនេះ រូបគេក៏បានបញ្ជាក់ថា ក្រុមទាំងមូលនឹងរីកចម្រើនជាលំដាប់បន្តិចម្តងៗហើយចំនុចល្អៗនឹងកើតមាននៅក្នុងក្រុម ព្រោះថាអ្វីៗសុទ្ធតែត្រូវការពេលវេលា ពោលគឺគេមិនអាចប្រើពេលត្រឹមតែមួយថ្ងៃដើម្បីកសាងក្រុមបាល់ទាត់ដ៏ខ្លាំងមួយបាននោះទេ ។

គួរំលឹកថា ក្រោយចាញ់ម៉ាឡេសុី ៣-១ ភ្លាម Keisuke Honda បានថ្លែងថា៖ «យើងព្យាយាមស្វែងរកចំណុចខ្សោយ ឬរកហេតុផល ថាហេតុអ្វីយើងចាញ់ តែពេលនេះខ្ញុំចង់និយាយពីចំណុចខ្លាំងរបស់កម្ពុជាច្រើនជាង ពីព្រោះយើងអាចបង្ហាញដល់អ្នកទាំងអស់គ្នា នូវអ្វីដែលយើងចង់លេង ជាក់ស្ដែង ៣០នាទីយើងធ្វើបានល្អ តែយើងត្រូវកែតម្រូវបន្ថែមទៀត ព្រោះបាល់ទាត់លេង ៩០នាទី ដែលត្រូវព្យាយាមធ្វើឲ្យកាន់តែល្អ ៕»

អត្ថបទ៖ បុត្រា

មតិយោបល់