ប្រធានក្រុម គួច សុកុម្ភៈ អរគុណសម្រាប់ការឲ្យតម្លៃទោះបីជាខ្ញុំត្រឹមជាកីឡាករធម្មតាម្នាក់!

នូ មករា September 12, 2018


ភ្នំពេញ៖ កីឡាករ គួច សុកុម្ភៈ ប្រធានក្រុមជម្រើសជាតិកម្ពុជា បានបង្ហោះសារបង្កប់ដោយអត្ថន័យនូវការគោរព និងការអគុណ ចំពោះលោក Keisuke Honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា រួមជាមួយអ្នកគាំទ្រជុំវិញការផ្ដល់តម្លៃដល់ខ្លួនដែលជាជាកីឡាករធម្មតាម្នាក់ ។ ការបង្ហោះនេះ បានធ្វើឡើងនៅរសៀលថ្ងៃពុធនេះ បន្ទាប់ពីបេសកកម្មលើកដំបូង ក្រោមការដឹកនាំរបស់ Honda ត្រូវបានចាញ់ក្រោមថ្វីជើងក្រុមម៉ាឡេស៊ី ៣-១ ក្នុងជំនួបមិត្តភាពអន្ដរជាតិ កាលពីថ្ងៃច័ន្ទកន្លងទៅ ។

សុកុម្ភៈ បានសរសេរថា៖ «ការឲ្យតម្លៃ នឹងការគោរពស្រលាញ់គ្នាទៅវិញទៅមក គឺវាសំខាន់ណាស់សម្រាប់ខ្ញុំ ហើយវាតែងតែឋិតនៅក្នុងចិត្តរបស់ខ្ញុំជានិច្ច។ ហើយខ្ញុំនឹងលះបង់គ្រប់បែបយ៉ាង ដើម្បីរក្សាតម្លៃរបស់ខ្ញុំមួយនេះ ទោះបីជាជីវិតរបស់ខ្ញុំធ្លាក់ដល់កម្រិតណារឺក៏ស្ថិតក្នុងស្ថានភាពណាក៏ដោយ។ អរគុណសម្រាប់ការឲ្យតម្លៃទោះបីជាខ្ញុំត្រឹមជាកីឡាករធម្មតាម្នាក់ ។ ចុងក្រោយខ្ញុំសូមអរគុណដល់អ្នកគាំទ្រទាំងអស់ ដែលតែងតែគាំទ្ររូបខ្ញុំកន្លងមក ហើយជាពិសេសគាំទ្រវិស័យបាល់ទាត់ជាតិយើង» ។

គួរបញ្ជាក់ថា សមាជិកក្រុមណាហ្គាវើលរូបនេះ ទោះបីមានចាស់វស្សាជាងគេក្នុងក្រុមជម្រើសជាតិ ប៉ុន្ដែរូបគេ ត្រូវបានលោក Honda ផ្ដល់ទំនុកចិត្តឲ្យធ្វើប្រធានក្រុមជម្រើសជាតិ ក្រោមការដឹកនាំដំបូងរបស់ខ្លួន ក្រោមមូលហេតុ សុកុម្ភៈ គឺជាកីឡាករចាស់ទុំ និងមានបទពិសោធន៍ ពិសេសគឺគេមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីទទួលតំណែងនេះ ។ នេះបើតាមការបញ្ជាក់ផ្ទាល់មាត់ពីលោក Keisuke Honda អតីតកីឡាករជម្រើសជាតិជប៉ុន ៕

អត្ថបទ៖ បុត្រា

មតិយោបល់