មន្ដ្រី NOCC គ្រោងចុះពិនិត្យកីឡដ្ឋានត្រៀមស៊ីហ្គេមចុងសប្ដាហ៍នេះក្រោយសាងសង់បាន ៣០%

នូ មករា September 12, 2018


ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) នៅព្រឹកថ្ងៃទី១៥ ខែកញ្ញាខាងមុខនេះ នឹងដឹកនាំមន្ដ្រីជំនាញចុះត្រួតពិនិត្យការសាងសង់កីឡដ្ឋានបាត់ទាត់ ឬ Main Stadium នៃពហុកីឡដ្ឋានជាតិមរតកតេជោ ក្នុងគោលដៅវាយតម្លៃ និងត្រួតពិនិត្យការងារមួយចំនួនដើម្បីរួមចំណែកជំរុញការសាងសង់សម្រេចសមិទ្ធិផលតាមផែនការ ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានឲ្យដឹងថា មុនការចុះត្រួតពិនិត្យរបស់ថ្នាក់ដឹកនាំ NOCC ស្ថាប័នទទួលបន្ទុកការងារបច្ចេកទេសក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធនៃពហុកីឡដ្ឋានជាតិមរតកតេជោដែលជាកន្លែងត្រៀមទទួលការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដោយកីឡដ្ឋានបាល់ទាត់ដ៏ធំខាងលើគឺបានសម្រេចសមិទ្ធិផលសាងសង់ប្រមាណ ២០ ទៅ ៣០% ហើយ គ្រាដែលតាមគម្រោងកីឡដ្ឋានស្ដង់ដារនេះ គ្រោងបញ្ចប់ការសាងសង់នាឆ្នាំ២០២០ ខាងមុខ ។ គួរបញ្ជាក់ថា កីឡដ្ឋានបាល់ទាត់ ឬ Main Stadium នេះ ត្រូវបានសាងសង់យ៉ាងពិសេស តាមស្ដង់ដារអន្ដរជាតិ ដោយអាចផ្ទុយអ្នកទស្សនាបានប្រមាណ ៦០,០០០នាក់ និងមានច្រកជម្លៀសអ្នកគាំទ្រពេលមានអាសន្នក្នុងរយៈពេលតែ ៦នាទីទៀតផង ។

កីឡដ្ឋាននេះ មានតម្លៃប្រមាណ ១៥៧លានដុល្លារ ដែលត្រូវបានផ្តល់ហិរញ្ញប្បទានដោយជំនួយឥតសំណងពីរដ្ឋាភិបាលចិន និងបានសម្ពោធបើកការដ្ឋានសាងសង់ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា កាលពីដើមខែមេសា ឆ្នាំ២០១៧ ។ យ៉ាងណាមិញក្នុងឱកាសបើកការដ្ឋានសាងសង់កីឡដ្ឋានធំនេះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ក៏បានប្រកាសសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធិផលមួយចំនួន នៃពហុកីឡដ្ឋានជាតិមរតកតេជោ ដែលបានបញ្ចប់ការសាងសង់ដំណាក់កាលទី១ ផងដែរ រួមមានមជ្ឈមណ្ឌលីឡាហែលទឹក មណ្ឌលកីឡាក្នុងសាល និងទីលានក្រៅសាលមួយចំនួន ដូចជាទីលានវាយកូនបាល់ជាដើម ៕

អត្ថបទ៖ បុត្រា

មតិយោបល់