សហព័ន្ធបាល់ទាត់កម្ពុជា តែងតាំងអគ្គលេខាធិការថ្មី តែមិនមែនលោក ម៉ៃ តុលា ឡើយ!

នូ មករា September 12, 2018


ភ្នំពេញ៖ ទីបំផុតសហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) បានសម្រេចតែងតាំងអគ្គលេខាធិការសហព័ន្ធថ្មីជាផ្លូវការហើយ ក្រោយការចាកចេញរបស់លោក គល់ សុផាណា ប៉ុន្ដែមិនមែនលោក ម៉ៃ តុលា ដែលទទួលបន្ទុកការងារជាច្រើនខែជាមួយតំណែងអគ្គលេខាធិការស្ដីទីនោះទេ ។ នេះបើតាមការបញ្ជាក់របស់មន្ដ្រីជាន់ខ្ពស់ នៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ។

ប្រភពព័ត៌មានខាងលើបញ្ជាក់ថា សហព័ន្ធបានសម្រេចតែងតាំងលោក កែវ សារ៉េត ជាអគ្គលេខាធិការថ្មីរបស់សហព័ន្ធ ប៉ុន្ដែមិនបានបញ្ជាក់ពីតួនាទីរបស់លោក ម៉ៃ តុលា ដែលបានធ្វើអគ្គលេខាធិការស្ដីទីជាច្រើននខែ ក្រោយការចាកចេញរបស់លោក គល់ សុផាណា នោះទេ ។

ចំពោះការសម្រេចនេះ បានធ្វើឡើងក្រោយបញ្ចប់កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា កាលពីថ្ងៃទី១០ ខែកញ្ញាកន្លងទៅ ។ យ៉ាងណាមិញទន្ទឹមនឹងការតែងតាំងលោក កែវ សារ៉េត ចូលកាន់តំណែងថ្មី ស្របពេលលោកធ្លាប់ជានាយកមជ្ឈមណ្ឌល និងសាលាបាល់ទាត់ជាតិបាទី ផងនោះ FFC ក៏បានប្រកាសតែងតាំងលោក យាន ឈៀង ចូលជំនួសតំណែងលោក កែវ សារ៉េត ដើម្បីបន្ដការងារដ៏ចាំបាច់របស់សហព័ន្ធ ទាំងការអភិវឌ្ឍន៍វិស័យបាល់ទាត់ក្នុងសហព័ន្ធ និងវិស័យបាល់ទាត់យុវជន នៃសាលាបាល់ទាត់ជាតិ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់សហព័ន្ធនេះផងដែរ ៕

អត្ថបទ៖ បុត្រា

មតិយោបល់