សូមសរសើរ! ទស្សនិកជនជាង ៣មុឺននាក់ ប៉ុន្តែស្តាតអូឡាំពិកមានអនាម័យខុសពីការប្រកួតមុនៗ!

នូ មករា September 11, 2018


ភ្នំពេញ៖ បើទោះបីជាម្សិលមិញក្រុមជម្រើសជាតិកម្ពុជា បានទទួលលទ្ធផលបរាជ័យក្នុង ៣- ១ ទល់នឹងក្រុមជម្រើសជាតិម៉ាឡេសុីក៏ពិតមែន ប៉ុន្តែមានរឿងដ៏គួរឲ្យសរសើរមួយគឺបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិកម្ពុជា មានអនាម័យ និងមិនមានសំរាមចោលពាសវាលពាសកាលដូចកាលពីមុនឡើយ ។

រូបភាពនេះបានបង្ហាញពីសញ្ញាវិជ្ជមាននៃការផ្លាស់ប្តូរទម្លាប់ ក៏ដូចជាផ្នត់គំនិតរបស់ប្រជាជនកម្ពុជាជាពិសេសអ្នកគាំទ្របាល់ទាត់កម្ពជាតែម្តងដោយពួកគេមិិនបោះចូលសំរាម ព្រមទាំងរួមគ្នាសម្អាតយ៉ាងសស្រាក់ស្រាំ ដែលជាទង្វើរដ៏ល្អគួរយកជាគម្រូនាពេលអនាគត ។ សកម្មភាពដ៏ល្អនេះ បានកើតឡើងបន្ទាប់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានសំណូមពរដល់ទស្សនិកជនឲ្យបោះសំរាមចូលក្នុងធុងដែលមានរៀបចំរួចជាស្រេចក្នុងបរិវេណពហុកីឡដ្ឋានជាតិ ។

គួរបញ្ជាក់ដែរថា នៅក្នុងការប្រកួតមិត្តភាពអន្តរជាតិកម្ពុជាកាលពីល្ងាចថ្ងៃទី១០ ខែកញ្ញា ម្សិលមិញនេះ មានវត្តមានទស្សនិកជនចំនួន ៣៧៥០០ នាក់ដែលបានតស៊ូពុះពាររង់ចាំទស្សនាក្រោមដំណក់ទឹកភ្លៀងមិនដាច់គ្រាប់រហូតដល់ការប្រកួតបានបញ្ចប់ ៕

អត្ថបទ៖ មករា

ប្រភពរូបភាព៖  Chheng Veayo

 

 

 

មតិយោបល់