Keisuke Honda ទទួលស្គាល់ថា កីឡាករកម្ពុជាមានបញ្ហាកម្លាំង ប៉ុន្តែពេញចិត្តទម្រង់លេងយប់មិញ!

នូ មករា September 11, 2018


ភ្នំពេញ៖ អ្នកចាត់ការទូទៅរបស់ក្រុមជម្រើសជាតិកម្ពុជា លោក Keisuke Honda បានថ្លែងក្រោយបរាជ័យក្នុងជំនួបជាមួយក្រុមម៉ាឡេសុីកាលពីយប់មិញថា៖  «អ្វីដែលយើងមើលឃើញគឺ ៣០នាទីដំបូងពិតជាធ្វើបានល្អ ទោះបីយើងទើបចាប់ផ្ដើមបាន ១សប្ដាហ៍ ប៉ុន្តែកម្លាំងនៅតែជាបញ្ហាសម្រាប់យើង យ៉ាងណាក៏ដោយ គ្មាននរណាម្នាក់អាចរត់បាន ៩០នាទីពេញនោះទេ សូម្បីកីឡាករល្បីៗលើពិភពលោក ។ អ្វីដែលយើងត្រូវធ្វើ គឺយើងស្វែងរកចំនុចល្អៗដែលជាដំណោះស្រាយសម្រាប់យើងក្នុងការគ្រប់គ្រងកម្លាំង ហើយខ្ញុំជឿថា យើងនៅតែធ្វើបានហើយខ្ញុំនឹងព្យាយាមកែតម្រូវបន្ថែមចំនុចនេះ ។»

លោកបានបន្ថែមថា៖ «បើនិយាយពីបរិយាកាសទូទៅវិញគឺ ខ្ញុំចូលចិត្តកីឡាកររបស់យើងពួកគេចង់ជោគជ័យក្នុងអាជីពហើយខ្ញុំចង់ជំរុញពួកគេឲ្យសម្រេចគោលដៅនេះ ។ ខ្ញុំមើលឃើញថា ក្រុមរបស់យើងបានធ្វើតាមការរៀបចំបាន ៩០% ហើយខ្ញុំពិតជាពេញចិត្តចំពោះការបង្ហាញទម្រង់លេងរបស់កូនក្រុមខ្ញុំថ្ងៃនេះ ។ »

សូមបញ្ជាក់ថា នាខែតុលាខាងមុខនេះ ក្រុមម្ចាស់ផ្ទះកម្ពុជានឹងបន្តបើកទ្វារស្វាគមន៍ក្រុមទីម័រខាងកើត និងសិង្ហបុរីជាបន្តទៀត មុននឹងឈានចូលទៅប្រកួតផ្លូវការពាន AFF Suzuki Cup 2018 នាខែវិច្ឆិកាខាងមុខ ៕

អត្ថបទ៖  បុត្រា

មតិយោបល់