Honda ប្រាប់មូលហេតុឲ្យ គួច សុកុម្ភៈ ធ្វើប្រធានក្រុមល្ងាចនេះ!

នូ មករា September 10, 2018


ភ្នំពេញ៖ ក្នុងនាមកីឡាករចាស់វស្សាម្នាក់ គួច សុកុម្ភៈ នៅតែបង្ហាញភាពលេចធ្លោរក្នុងអាជីព ជាក់ស្ដែងគេមិនត្រឹមតែត្រូវបានគ្រូបង្វឹកថ្មីរបស់ក្រុមជម្រើសជាតិកម្ពុជាលោក Keisuke Honda កោះហៅមកប្រមូលផ្ដុំនោះទេ ថែមទាំងផ្ដល់ទំនុកចិត្តឲ្យធ្វើជាប្រធានក្រុម សម្រាប់ជំនួបមិត្តភាពអន្ដរជាតិជាមួយម៉ាឡេស៊ី នាវេលាម៉ោង ៦៖៣០នាទីល្ងាចនេះទៀតផង ។

នៅក្នុងសន្និសីទសារព័ត៌មាន មុនការប្រកួតម្សិលមិញ ពេលឃើញ Honda នាំកីឡាករ គួច សុកុម្ភៈ ចូលរួមសន្និសីទ មិនថាអ្នកគាំទ្រ ឬអ្នកសារព័ត៌មានជាតិនោះទេ សូម្បីអ្នកសារព័ត៌មានបរទេសក៏មានការភ្ញាក់ផ្អើលដែរ ហើយថែមទាំងចោទសួរពីមូលហេតុ ដែល Honda ជ្រើសរើសសមាជិកក្រុមណាហ្គាវើលរូបនេះ ធ្វើជាប្រធានក្រុមជម្រើសជាតិកម្ពុជាទៀតផង ។ តើកត្ដាអ្វីខ្លះ ដែលធ្វើឲ្យ Honda ជឿជាក់ សុកុម្ភៈ បែបនេះ?

ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មាន កីឡាករទើបប្រកាសចូលនីវត្តន៍ពីក្រុមជម្រើសជាតិជប៉ុនរូបនេះ បញ្ជាក់ថា៖ «ពួកយើងមានកីឡាករល្អៗច្រើន ក៏ដូចជាកីឡាករមានបទពិសោធផងដែរ ប៉ុន្តែ គួច សុកុម្ភៈ ខ្ញុំគិតថា គាត់គឺជាកីឡាករល្អម្នាក់ មានបទពិសោធល្អ ដែលស័ក្តិសមធ្វើជាប្រធានក្រុមជម្រើសជាតិកម្ពុជា»។ តែយ៉ាងណាអ្នកគាំទ្រកម្ពុជា ក៏បានសម្ដែងការគាំទ្រ ចំពោះការសម្រេចចិត្តរបស់លោក Honda នេះដែរ ។

គួរបញ្ជាក់ថា កាលពីពេលថ្មីៗ គ្រូបង្វឹកក្រុមណាហ្គាវើលលោក មាស ចាន់ណា ក៏បានកោតសរសើរ និងស្ញប់ស្ញែង ចំពោះការខិតខំប្រឹងប្រែងរបស់កីឡាករ គួច សុកុម្ភៈ ដែរ ។ មិនតែប៉ុណ្ណោះ លោកថា សុកុម្ភៈ អាចធ្វើជាគ្រូម្នាក់លើទីលានបានទៀតផង ព្រោះកីឡាករវ័យ ៣១ឆ្នាំរូបនេះ មានភាពចាស់ទុំ និងមានបទពិសោធន៍ច្រើនក្នុងអាជីពបាល់ទាត់របស់ខ្លួន ៕

អត្ថបទ៖ បុត្រា

មតិយោបល់