កុំភ្លេច! កម្ពុជា ប៉ះម៉ាឡេស៊ីល្ងាចនេះ ដឹកនាំដំបូងដោយ Honda

នូ មករា September 10, 2018


ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវជួបប្រកួតមិត្តភាពអន្ដរជាតិជាមួយក្រុមជម្រើសជាតិម៉ាឡេស៊ី នាវេលាម៉ោង ៦៖៣០នាទីល្ងាចនេះ នៅលើទីលានពហុកីឡដ្ឋានជាតិ ហើយគឺជាការប្រកួតដំបូងលោក Keisuke Honda បន្ទាប់ពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ប្រកាសតែងតាំងលោកជាអ្នកចាត់ការទូទៅ និងជាគ្រូបង្វឹកថ្មីរបស់ក្រុមរហស្សនាមគោព្រៃកម្ពុជាកាលពីពេលថ្មីៗ ។

មុនឈានដល់ការប្រកួតគ្រូបង្វឹកក្រុមទាំងពីរ សុទ្ធតែបានសម្ដែងនូវការគោរពគ្នាទៅវិញទៅមក តែក៏រំពឹងធ្វើបានល្អរៀងៗខ្លួនផងដែរ ។ ជាក់ស្ដែងលោក Tan Cheng Hoe គ្រូបង្វឹកម៉ាឡេស៊ី បានលើកឡើងថា ទោះបីម៉ាឡេស៊ី ធ្លាប់ជួបកម្ពុជា និងឈ្នះជាច្រើនលើកក៏ពិតមែន តែការឈ្នះនោះមិនមែនជារឿងងាយស្រួលនោះទេ ។ ម្យ៉ាងស្របពេលកម្ពុជា ទើបប្ដូរគ្រូបង្វឹកថ្មី ខណៈកីឡាករកម្ពុជាមានឆន្ទៈខ្ពស់ក្នុងការលេង លោកជឿថា ជំនួបល្ងាចនេះ នឹងពិបាក ។

ដោយឡែកលោក Honda គ្រូបង្វឹកកម្ពុជា បាននិយាយថា ការយកឈ្នះក្រុមខ្លាំង មិនមែនជារឿងងាយស្រួលននោះទេ ប៉ុន្ដែលោកជឿជាក់លើកីឡាករកម្ពុជា ទោះបីការប្រមូលផ្ដុំ ទើបចាប់ផ្ដើមក្នុងរយៈពេលខ្លីក៏ដោយ ។ លោកថា នេះគឺជាការចាប់ផ្ដើម ដូច្នេះលទ្ធផលយ៉ាងណា លោកមិនទាន់កំណត់ទេ តែអ្វីដែលលោកបានបញ្ជាក់ទៅកូនក្រុម គឺទោះទទួលបានលទ្ធផលបែបណា ក៏ត្រូវតែបង្កើនការខំប្រឹងទ្វេដង ដើម្បីឈានទៅសម្រេចគោលអនាគត ។

សូមរំឭកថា បើគិតចាប់ពីឆ្នាំ២០០៧ រហូតដល់ឆ្នាំ២០១៦ ក្រុមជម្រើសជាតិកម្ពុជា មិនធ្លាប់មានប្រវត្តិឈ្នះ ឬស្មើម៉ាឡេស៊ីម្ដងឡើយ ក្នុងនោះឆ្នាំ២០០៧ ចាញ់ម៉ាឡេស៊ី ៦-០(មិត្តភាព), ឆ្នាំ២០១២ ចាញ់ម៉ាឡេស៊ី ២-១ (មិត្តភាព), ឆ្នាំ២០១៤ ចាញ់ម៉ាឡេស៊ី ៤-១ (មិត្តភាព) និងឆ្នាំ២០១៦ កម្ពុជា ចាញ់ម៉ាឡេស៊ី ៣-២ ក្នុងជំនួបពានរង្វាន់ AFF Suzuki Cup នៅមីយ៉ាន់ម៉ា ។ ដូច្នេះល្ងាចនេះ អាចចាត់ទុកជាជំនួបសងសឹក ចាំមើលតើលោក Honda អាចដឹកនាំកម្ពុជា បង្កើតកំណត់ត្រាឈ្នះម៉ាឡេស៊ីបានទេ?

គួរបញ្ជាក់ថា ជំនួបមិត្តភាពអន្ដរជាតិល្ងាចនេះ ក្រោយបញ្ចប់តង់ទី១ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក៏នឹងមានរៀបចំនូវកម្មវិធីសម្ដែង “ល្ខោនខោល” ជូនអ្នកគាំទ្រទស្សនាកម្សាន្ដផងដែរ ។ ដូច្នេះសូមកុំភ្លេចចូលរួមទស្សនាឲ្យបានច្រើនកុះករ ដើម្បីលើកទឹកចិត្តក្រុមជម្រើសជាតិកម្ពុជា ក៏ដូចជាការសម្ដែង “ល្ខោនខោល” ដែលសិល្បះវប្បធម៌បុរាណរបស់បុព្វបុរសខ្មែរផងដែរ ៕ អត្ថបទ៖ បុត្រា

មតិយោបល់