Honda ថា ម៉ាឡេស៊ី គឺជាក្រុមខ្លាំង តែលោកអត់ខ្លាចឡើយ!

នូ មករា September 9, 2018


ភ្នំពេញ៖ លោក Keisuke Honda អ្នកចាត់ការទូទៅ និងជាគ្រូបង្វឹកថ្មីរបស់ក្រុមជម្រើសជាតិកម្ពុជា បានចាត់ទុកការជួបក្រុមជម្រើសជាតិម៉ាឡេស៊ី ក្នុងជំនួបមិត្តភាពអន្ដរជាតិស្អែកនេះ គឺជាមោទកភាពមួយ ព្រោះម៉ាឡេស៊ី គឺជាក្រុមខ្លាំង ប៉ុន្ដែលោកបានត្រៀមកូនក្រុមហើយជាស្រេច ដើម្បីទប់ទល់ ហើយក៏គ្មានការភ័យខ្លាចអ្វីដែរ ។ នេះបើតាមការលើកឡើងក្នុងសន្និសីទសារព័ត៌មាន នៅសណ្ឋាគារភ្នំពេញ នាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨ ។

លោកលើកឡើងថា ក្រុមម៉ាឡេស៊ី គឺជាក្រុមខ្លាំង ព្រោះពួកគេទើបបញ្ចប់ការប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ី Asian Games លើកទី១៨ នៅឥណ្ឌូនេស៊ី ជាមួយលទ្ធផលមួយដ៏ល្អ ពោលគឺបានឈរលេខ១ ក្នុងពូលE នឹងបានឡើងទៅវគ្គ ១៦ក្រុមចុងក្រោយ តែគួរឲ្យស្ដាយពួកគេបានចាញ់ជប៉ុន ១-០ ។ តែលទ្ធផលនេះ គឺសបញ្ជាក់ឲ្យឃើញម៉ាឡេស៊ី ពិតជាធ្វើបានល្អ និងជាក្រុមមួយខ្លាំងក្នុងតំបន់ ។ ប៉ុន្ដែយ៉ាងណាលោកនៅតែជឿទុកចិត្តលើកូនក្រុមខ្លួនថា ពួកគេនឹងធ្វើបានល្អសម្រាប់ជំនួបមិត្តភាពស្អែកនេះ ។

បុរសដែលទើបប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិជប៉ុនរូបនេះ និយាយថា៖ «ប៉ុន្មានថ្ងៃចុងក្រោយនេះ ពួកយើងធ្វើការហ្វឹកហាត់បានយ៉ាងល្អ ហើយពួកយើងក៏បានស្វែងរកនូវកីឡាករល្អ កីឡាករមានបទពិសោធន៍ ក៏ដូចជាកីឡាករយុវជនមានទេពកោសល្យ សម្រាប់ក្រុមកម្ពុជា ។ ប្រាកដណាស់ក្រុមបាល់ទាត់ វាមិនងាយស្រួលទេ ក្នុងការឈ្នះក្រុមមួយខ្លាំង ប៉ុន្ដែយើងមិនមានភាពភ័យខ្លាចក្នុងការប្រកួតថ្ងៃស្អែកនោះទេ ហើយពួកយើងនឹងរីករាយក្នុងការលេងនាថ្ងៃស្អែក» ។

គួរបញ្ជាក់ថា ជំនួបមិត្តភាពអន្ដរជាតិរវាងក្រុមរហស្សនាមគោព្រៃកម្ពុជា និងក្រុមជម្រើសជាតិម៉ាឡេស៊ី នឹងធ្វើឡើងនាវេលាម៉ោង ៦៖៣០នាទីល្ងាចថ្ងៃទី១០ ខែកញ្ញាស្អែកនេះ នៅលើទីលានពហុកីឡដ្ឋានជាតិ ហើយក៏ជាប្រកួតដំបូង ដែលលោក Keisuke Honda ដឹកនាំក្រុមជម្រើសជាតិកម្ពុជា បន្ទាប់ពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ប្រកាសតែងតាំងលោកជាអ្នកចាត់ការទូទៅ និងជាគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាផងដែរ ដើម្បីត្រៀមឆ្ពោះទៅការប្រកួតពាន AFF Suzuki Cup 2018 នាចុងឆ្នាំនេះ ៕ អត្ថបទ៖ បុត្រា

មតិយោបល់