គ្រូទ័ព ផ្ដាំកូនក្រុមរឿងមួយ ក្រោយមានកីឡាករ ៤នាក់ជាប់ជម្រើសជាតិ

នូ មករា September 8, 2018


ភ្នំពេញ៖ លោក ភា សុភ័ក្ដ្រា គ្រូបង្វឹកក្រុមបាល់ទាត់ក្រសួងការពារជាតិ(ទ័ព) ហាក់គ្មានការភ្ញាក់ផ្អើលឡើយ ចំពោះវត្តមានកូនក្រុម ៤រូប ត្រូវបានកោះហៅប្រមូលផ្ដុំក្រុមជម្រើសជាតិ តែលោកបានផ្ដាំផ្ញើដល់កូនក្រុមដែលមិនបានជាប់ជម្រើសជាតិនូវរឿងមួយដើម្បីស្វែងរកឱកាសជាថ្មី គឺត្រូវខិតខំបង្ហាញសមត្ថភាពជាក្រុមឲ្យបានល្អ សម្រាប់ការប្រកួតក្រោយៗ ។

ថ្លែងក្រោយជួយក្រសួងការពារជាតិ ទម្លាក់ក្រុមណាហ្គាវើល ឡើងវគ្គផ្ដាច់ព្រ័ត្រពាន Hun Sen Cup កាលពីថ្មីៗ លោកនិយាយថា៖ «នេះគ្រាន់តែជាដំណាក់កាលជ្រើសរើស ដើម្បីប្រកួតមិត្តភាពប៉ុណ្ណោះ ហើយជម្រើសជាតិ គេនឹងបន្ដជ្រើសរើសទៀត រហូតដល់ការប្រកួតផ្លូវការ ជាពិសេសពាន Suzuki Cup ដែលត្រូវត្រៀមខ្លួន ។ ចឹងខ្ញុំបានដាស់តឿនកីឡាករមិនទាន់ជាប់ជម្រើសជាតិ ត្រូវប្រឹងប្រែងបន្ដទៀត ដើម្បីក្ដោបឱកាសមួយនេះ» ។

គួរបញ្ជាក់ថា សមាជិកក្រុមទ័ព ដែលត្រូវបានកោះហៅចូលជម្រើសជាតិ ក្រោមការដឹកនាំរបស់លោក Keisuke Honda រួមមាន ស ពិសិដ្ឋ, ឈិន ឈឿន, រ៉ឹង ប៊ុនហៀង និងអ្នកចាំទី អ៊ុំ វិចិត្រ ដើម្បីហ្វឹកហាត់ជាមួយមិត្តភាពក្រុម ១៩នាក់ផ្សេងទៀត សម្រាប់ត្រៀមជួបប្រកួតមិត្តភាពអន្ដរជាតិជាមួយក្រុមជម្រើសជាតិម៉ាឡេស៊ី នាថ្ងៃទី១០ ខែកញ្ញាដើមសប្ដាហ៍ក្រោយ លើទីលានពហុកីឡដ្ឋានជាតិ ៕

អត្ថបទ៖ បុត្រា

មតិយោបល់