២ចំណុចនេះ ធ្វើឲ្យគ្រូណាហ្គា សរសើរ គួច សុកុម្ភៈ មិនដាច់ពីមាត់!

នូ មករា September 8, 2018


ភ្នំពេញ៖ ក្នុងបញ្ជីឈ្មោះក្រុមជម្រើសជាតិកម្ពុជា ២៣នាក់ ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីលោក Keisuke Honda គេឃើញកីឡាករ គួច សុកុម្ភៈ គឺជាកីឡាករចាស់វស្សាជាងគេក្នុងក្រុម ប៉ុន្ដែលោកនៅតែត្រូវបានអ្នកគាំទ្រកោតសរសើរ និងគាំទ្រចំពោះការផ្ដល់ឱកាសឲ្យជួយក្រុមជម្រើសជាតិ រួមទាំងគ្រូបង្វឹកក្រុមណាហ្គាវើលលោក មាស ចាន់ណា ផងដែរ ។

លោក មាស ចាន់ណា បានលើកយកចំណុចពិសេស ២ចំណុចរបស់ គួច សុកុម្ភៈ មិកវែកញែក និងកោតសរសើរ បន្ទាប់ពីត្រូវបានកោះហៅចូលប្រមូលផ្ដុំក្រុមជម្រើសជាតិ គឺភាពចាស់ទុំ និងការគោរពវិន័យ ក្នុងនាមជាកីឡាករ ដែលអាចធ្វើជាគ្រូបាន ។ លោកថា៖ «គាត់(កុម្ភៈ)ជាចាស់ទុំ និងមានបទពិសោធន៍ ប្រៀបដូចជាគ្រូម្នាក់លើទីលាន គាត់សឹងអាចធ្វើគ្រូបាន ។ ខ្ញុំរំពឹងគាត់នឹងធ្វើបានល្អ ព្រោះខ្ញុំគិតថា គាត់ជាមនុស្សគោរពវិន័យខ្ពស់ គាត់ចេះរៀបចំខ្លួនបានល្អ ដោយព្យាយាមធ្វើម៉េចបានលេងបន្ដ» ។

សូមរំឮកថា គួច សុកុម្ភៈ បានចាប់ផ្ដើមលេងបាល់ទាត់ដំបូង ក្នុងឆ្នាំ២០០៣ ឲ្យក្រុមយុវជនក្រសួងការពារជាតិ បន្ទាប់មកទើបផ្លាស់មកលេងឲ្យក្លឹបខេមរាកីឡា ចាប់ពីឆ្នាំ២០០៥-២០១០ មុនផ្លាស់លេងឲ្យក្លឹបភ្នំពេញក្រោន ពីឆ្នាំ២០១០-២០១៥ ហើយបច្ចុប្បន្នកំពុងលេងឲ្យក្លឹបណាហ្គាវើល ចាប់តាំងពីឆ្នាំ២០១៥មក ។ ដូច្នេះក្នុងអាជីពមួយនេះ កុម្ភៈ កម្រផ្លាស់ប្ដូរក្លឹបណាស់ ។ លើសពីនេះ កីឡាករវ័យ ៣១ឆ្នាំរូបនេះ បានជាប់ជម្រើសជាតិពីឈុតយុវជន ដល់ឈុតធំ តាំងពីឆ្នាំ២០០៦ មកម្ល៉េះ ៕

អត្ថបទ៖ បុត្រា

មតិយោបល់