ម៉ាឡេស៊ី ត្រូវឆាយនីសតៃប៉ិលត់ ២-០ មុនធ្វើដំណើរមកដល់កម្ពុជាថ្ងៃនេះ

នូ មករា September 8, 2018


ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិម៉ាឡេស៊ី នឹងធ្វើដំណើរមកដល់អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ នាវេលាម៉ោង ១១៖១៥នាទីព្រឹកនេះ ដើម្បីត្រៀមជួបប្រកួតមិត្តភាពជាមួយក្រុមជម្រើសជាតិកម្ពុជា នាល្ងាចថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ដើមសប្ដាហ៍ក្រោយនេះ ។ នេះបើយោងតាមការជូនដំណឹងរបស់មន្ដ្រីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ។
ប៉ុន្ដែមុនធ្វើដំណើរមកប្រទេសកម្ពុជាថ្ងៃនេះ ក្រុមជម្រើសជាតិម៉ាឡេស៊ី បានធ្វើការប្រកួតមិត្តភាពអន្ដរជាតិលក្ខណៈកម្ដៅសាច់ដុំមួយ ជាមួយក្រុមម្ចាស់ផ្ទះឆាយនីសតៃប៉ិ កាលពីល្ងាចមិញ តែត្រូវបានក្រុមម្ចាស់ផ្ទះយកឈ្នះ ដោយលទ្ធផល ២-០ នៅកីឡដ្ឋាន Taipei Municipal ខណៈកាលពី ២ឆ្នាំមុនក្រុមឆាយនីសតៃប៉ិ ធ្លាប់ត្រូវបានក្រុមគោព្រៃកម្ពុជា លត់ ២-០ ក្នុងជំនួបជើងទី២ នៃវគ្គជម្រុះពានរង្វាន់ AFC Asian UAE 2019 ។

យ៉ាងណាមិញក្រឡេកមកចាប់អារម្មណ៍ការត្រៀមជួបគ្នារវាងកម្ពុជា និងម៉ាឡេស៊ី នាវេលាម៉ោង ៦៖៣០នាទីល្ងាចថ្ងៃច័ន្ទដើមសប្ដាហ៍ក្រោយ អ្នកគាំទ្រកំពុងទន្ទឹងរង់ចាំយ៉ាងអន្ទះសារ ព្រោះមិនត្រឹមតែចាំមើលការប្រកួតនោះទេ តែក៏ចាំអ៊ុតសមិទ្ធិផល និងទម្រង់លេង ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីលោក Keisuke Honda ដែលត្រូវបានសហព័ន្ធប្រកាសតែងតាំងជាអ្នកចាត់ការទូទៅ និងជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិកម្ពុជា កាលពីពេលថ្មីៗផងដែរ ៕

អត្ថបទ៖ បុត្រា

មតិយោបល់