ច្រឹង ពលរដ្ឋ រក្សាក្ដីស្រមៃចង់លេងនៅអឺរ៉ុបក្រោយបានលេងនៅ Buriram

នូ មករា September 8, 2018


ភ្នំពេញ៖ បន្ទាប់ពីទទួលបានឱកាសលេងឲ្យក្លឹបលំដាប់កំពូលថៃ Buriram United ក្នុងកិច្ចសន្យាខ្ចីជើង ២ឆ្នាំរួចមក កីឡាករវ័យក្មេងកម្ពុជា ច្រឹង ពលរដ្ឋ មិនបានបោះបង់ក្ដីស្រមៃចង់ទៅលេងនៅអឺរ៉ុបនោះឡើយ ។ នេះបើតាមការអះអាងរបស់សាមីខ្លួនកាលពីពេលថ្មីៗ ។
ពលរដ្ឋ បាននិយាយថា៖ «ដំបូងឡើយ ខ្ញុំសប្បាយកចិត្ត ពេលការចរចាជាមួយក្លឹបអេស្ប៉ាញ(La Nucia) ឈានដល់ដំណាក់កាលចុងក្រោយ ប៉ុន្ដែដោយសារយើងមិនបញ្ហាវីសា(VISA) អត់អាចទៅវិញ តែខ្ញុំក៏សប្បាយចិត្ត ពេលក្លឹប Buriram ទាក់ទងមកខ្ញុំដែរ ។ ដូច្នេះខ្ញុំនឹងយកឱកាសនេះ ដើម្បីពង្រឹងសមត្ថភាពឲ្យបានខ្លាំង ហើយបើមានឱកាសខ្ញុំនៅតែចង់ឲ្យលេងនៅអឺរ៉ុបដដែល» ។
ខ្សែបម្រើកំពុងមានរបួសជើងដដែលបន្ដថា៖ «រយៈពេល ២ឆ្នាំក្នុងការលេងឲ្យ Buriram គឺជាពេលវេលាសមរម្យសម្រាប់ខ្ញុំ ព្រោះពួកគេក៏នឹងធ្វើការតាមដានខ្ញុំបន្ដដែរ បើខ្ញុំធ្វើបានល្អ ពួកគេនឹងទិញខ្ញុំ ។ ហេតុនេះខ្ញុំមិនអោយឱកាសដ៏ល្អនេះកន្លងហួសនោះទេ ខ្ញុំនឹងប្រឹង ដើម្បីទទួលបានបទពិសោធន៍ និងបច្ចេកទេសថ្មីៗមកជួយដល់វិស័យកីឡាបាល់ទាត់ និងក្រុមជម្រើសជាតិកម្ពុជា» ។
គួរបញ្ជាក់ថា បច្ចុប្បន្ន ច្រឹង ពលរដ្ឋ មិនទាន់ចាប់ផ្ដើមហ្វឹកហាត់ជាមួយមិត្តរួមក្រុមថ្មីនោះទេ ពោលគឺក្រោយពិធីចុះកិច្ចសន្យាជាមួយក្លឹប Buriram United រួចរាល់ គេក៏បានត្រឡប់មកម្ពុជាវិញ ហើយបន្ដការហ្វឹកហាត់ជាមួយក្លឹបក្រសួងការពារជាតិជាបណ្ដោះអាសន្នសិន ។ តែតាមគម្រោង សាមីខ្លួនបានបញ្ជាក់ថា គេនឹងចូលរួមផ្លូវការជាមួយក្រុមជើងឯកលីគកំពូលថៃនេះតែម្ដងនៅចុងខែវិច្ឆិកា ឆ្នាំ២០១៨ខាងមុខ ៕
អត្ថបទ៖ បុត្រា

មតិយោបល់