បឹងកេត យកឱកាសទំនេរពីលីគ រៀបចំកម្មវិធីសប្បុរសធម៌

នូ មករា September 6, 2018


ភ្នំពេញ៖ ក្រុមការពារតំណែងជើងឯកបឹងកេត បានរៀបចំនូវកម្មវិធីសប្បុរសធម៌មួយ ដើម្បីជួយកុមារ និងគ្រួសាររងគ្រោះដោយសារទឹកជំនន់ នៅខេត្តត្បូងឃ្មុំ ស្របពេលលីគកំពូលកម្ពុជា ត្រូវបានសម្រាក អំឡុងពេលក្រុមជម្រើសជាតិកម្ពុជា កំពុងធ្វើការប្រមូលផ្ដុំ ត្រៀមជួបក្រុមជម្រើសជាតិម៉ាឡេស៊ី នាថ្ងៃទី១០ ខែកញ្ញាខាងមុខ ។

កម្មវិធីនេះ គឺដឹកនាំដោយប្រធានក្លឹបលោកស្រី ពុទ្ធ ធីតា និងសមាជិកក្រុមទាំងអស់ ដោយផ្ដើមចេញពីមន្ទីរពេទ្យកុមារជាតិ កាលថ្ងៃទី០៥ ខែកញ្ញាម្សិលមិញ ដើម្បីរួមចំណែកជួយគាំពារសុខភាពកុមារកម្ពុជា ក៏ដូចជាផ្ដល់នូវសម្ភារៈមួយចំនួនផងដែរ ។

ចំណែកឯគម្រោងបន្ទាប់ ពួកគេនឹងបន្ដដំណើរទៅខេត្តត្បូងឃ្មុំ ដើម្បីរៀបចំនូវកម្មវិធីសួរសុខទុក្ខ និងជួនអំណោយមួយចំនួនដល់គ្រួសាររងគ្រោះដោយសារទឹកជំនន់ នៅភូមិព្រែកតូច ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ។

គួរបញ្ជាក់ថា កម្មវិធីសប្បុរសធម៌នេះ ធ្វើឡើងស្របពេលលីគកំពូលកម្ពុជា កំពុងសម្រាក ហើយគ្រោងបន្ដការប្រកួតនាថ្ងៃទី១៥ ខែកញ្ញាខាងមុខ ។ ចំណែកលទ្ធផលបណ្ដោះអាសន្នពេលនេះ ក្រុមបឹងកេតកំពុងឈរលេខរៀងទី២ និងមាន ៤៥ពិន្ទុ តាមពីក្រោយក្រុមកំពូលតារាងណាហ្គាវើល ២ពិន្ទុ មុនចាប់ផ្ដើមការប្រកួតសប្ដាហ៍ទី២០ របស់ខ្លួន ដោយបឹងកេត ត្រូវជួបក្រុមអគ្គិសនីកម្ពុជា នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ ៕

អត្ថបទ៖ បុត្រា

មតិយោបល់