Honda ប្រាប់ចំណុចចាប់ផ្ដើម ត្រូវកែលម្អ មុនកម្ពុជា ប៉ះម៉ាឡេស៊ី

នូ មករា September 5, 2018


ភ្នំពេញ៖ ក្រោយចាប់ផ្ដើមយុទ្ធនាការបង្ហាត់ថ្ងៃដំបូង ដល់ក្រុមជម្រើសជាតិកម្ពុជាកាលពីល្ងាចមិញ លោក Keisuke Honda អ្នកចាត់ការទូទៅ និងជាគ្រូបង្វឹកថ្មីរបស់កម្ពុជា បានសម្ដែងនូវសប្បាយ និងរីករាយជាខ្លាំង ចំពោះការងារថ្មីរបស់ខ្លួន ហើយលោកក៏បានបង្ហើបពីចំណុចចាប់ផ្ដើមមួយចំនួន ដើម្បីធ្វើឲ្យក្រុមជម្រើសជាតិកម្ពុជាមានការផ្លាស់ប្ដូរ និងល្អប្រសើរ សម្រាប់ត្រៀមប្រកួតមិត្តភាពអន្ដរជាតិជាមួយម៉ាឡេស៊ី នាថ្ងៃទី១០ ខែកញ្ញាខាងមុខ ពិសេសគឺផ្ដើមចេញពីកីឡាករម្នាក់ៗផ្ទាល់តែម្ដង ។

ថ្លែងប្រាប់អ្នកសារព័តមាន ក្រោយបញ្ចប់ការបង្ហាត់លើទីលានពហុកីឡដ្ឋានជាតិលោក Keisuke Honda បានលើកឡើងថា៖ “ខ្ញុំរីករាយមកធ្វើការនៅទីនេះ ហើយខ្ញុំនឹងព្យាយាមស្វែងយល់ឲ្យបានស៊ីជម្រៅពីកម្ពុជា ដើម្បីទទួលបានលទ្ធផលល្អ ពេលជួបម៉ាឡេស៊ី ។ តែយ៉ាងណាយើងមានពេលលខ្លី ដូច្នេះគ្រប់ពេលហ្វឹកហាត់ ខ្ញុំត្រូវការស្វែងយល់ និងធ្វើតេស្ដកីឡាករម្នាក់ៗឲ្យស៊ីជម្រៅ ដើម្បីកែលម្អនូវចំណុចខ្វះខាតមួយចំនួន មុនជួបម៉ាឡេស៊ី តាមរយៈការចែករំលែកនូវបទពិសោធន៍ផ្ទាល់របស់ខ្ញុំ» ។

កីឡាករទើបប្រកាសចូលនិវត្ដន៍ពីក្រុមជម្រើសជាតិជប៉ុនរូបនេះបានបន្ដថា ទោះបីគ្រប់ប្រកួត យើងត្រូវការឈ្នះ ប៉ុន្ដែនេះគឺជាការចាប់ផ្ដើម តែលោកនឹងព្យាយាមធ្វើគ្រប់យ៉ាង ដើម្បីឲ្យក្រុមជម្រើសជាតិកម្ពុជាមានការរីកចម្រើន ដោយប្រើប្រាស់បទពិសោធន៍ផ្ទាល់ រួមទាំងដំបូន្មាន និងវិធីសាស្ដ្រថ្មីៗ ដែលទទួលបានពីគ្រូបង្វឹកក្លឹប Melbourne Victory នៃលីគកំពូលអូស្ដ្រាលី អំឡុងពេលរូបលោកលេងនៅទីនោះផងដែរ ។

អ្វីដែលពិសេស Honda បានសង្កត់ធ្ងន់ថា៖ «ខ្ញុំជឿជាក់ថា ខ្ញុំនឹងអាចធ្វើឲ្យអ្នកគាំទ្រកម្ពុជាសប្បាយចិត្ត ពេលខ្ញុំដឹកនាំ» ។ គួរបញ្ជាក់ថា លោក Honda បានមកកម្ពុជាជាច្រើនលើកមកហើយ តែនេះគឺជាលើកទី១ ដែលលោកមកក្នុងនាមជាគ្រូបង្វឹក បន្ទាប់ពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ប្រកាសតែងតាំងលោកជាអ្នកចាត់ការទូទៅ និងជាគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា ។

តាមគម្រោងបុរសវ័យ ៣៣ឆ្នាំរូបនេះ នឹងនៅបង្ហាត់ក្រុមជម្រើសជាតិកម្ពុជា រហូតដល់ថ្ងៃប្រកួតមិត្តភាពអន្ដរជាតិជាមួយក្រុមជម្រើសជាតិម៉ាឡេស៊ី នាថ្ងៃទី១០ ខែកញ្ញា នៅលើទីលានពហុកីឡដ្ឋានជាតិ ។ ចំពោះសំបុត្រចូលទស្សនា បានដាក់លក់តាំងពីដើមខែមកម្ល៉េះជាមួយតម្លៃ ១ម៉ឺនរៀល និង ៥ពាន់រៀល ៕

អត្ថបទ៖ បុត្រា

មតិយោបល់