ណាហ្គាផ្ដោតលីគខ្លាំង ក្រោយរបូតឱកាសក្នុងពាន Hun Sen Cup!

នូ មករា September 4, 2018


ភ្នំពេញ៖ លោក មាស ចាន់ណា គ្រូបង្វឹកក្រុមណាហ្គាវើល បានសម្ដែងនូវការសោកស្ដាយជាខ្លាំង ក្រោយរបូតឱកាសប្រជែងពានសម្ដេចតេជោ ហ៊ុន សែន-Hun Sen Cup រដូវកាលទី១២ ប៉ុន្ដែលោកមិនបានបន្ទោសកូនក្រុមឡើយ ហើយផ្ទុយទៅវិញ លោកបានលើកទឹកចិត្តពួកគេ ដើម្បីផ្ដោតលើការប្រកួតក្របខណ្ឌលីគកំពូលកម្ពុជាឲ្យបានខ្លាំងក្នុងការប្រជែងជើងឯក ។ ការលើកឡើងនេះ ក្រោយណាហ្គាវើល ប្រកួតចាញ់ក្រុមក្រសួងការពារជាតិ ៣-១ ក្នុងម៉ោងបន្ថែម ១៥នាទី ២ដង កាលពីចុងសប្ដាហ៍កន្លងទៅ ។

លោកថា កូនក្រុមរបស់ខ្លួន បានព្យាយាមធ្វើបានល្អហើយ គ្រាន់តែខ្វះសំណាងប៉ុណ្ណោះ ព្រោះណាហ្គាវើលក៏មានឱកាសច្រើនក្នុងការបញ្ចប់ទីផងដែរ តែធ្វើមិនបានសម្រេច ។ យ៉ាងណាមិញការបរាជ័យនេះ លោកចាត់ទុកការកាត់បន្ថយសម្ពាធមមួយ ដើម្បីជំរុញឲ្យផ្ដោតកាន់តែខ្លាំងលើការប្រកួតលីគកំពូល ។

លោកបាននិយាយថា៖ «យើងត្រូវផ្ដោតលើលីគម្ដង ព្រោះយើងរបូតឱកាសមួយ ។ ណាមួយលីគយើងនាំមុខគេ ២ពិន្ទុ ចឹងយើងត្រូវគិតពីពានមួយបន្ដទៀត ដោយយើងផ្ដោតអារម្មណ៍តែលើពានលីគមួយទេ ព្រោះឥលូវយើងបាត់សម្ពាធទី១ ហើយ តែបើយើងឈ្នះ យើងនៅសម្ពាធបន្ដទៀត ចឹងយើងនៅសម្ពាធទី២ ដែលយើងត្រៀមត្រូវធ្វើម៉េចដណ្ដើមពានរង្វាន់លីគកំពូលកម្ពុជាឲ្យបាន» ។

គួរបញ្ជាក់ថា ក្នុងលីគកំពូលកម្ពុជាបច្ចុប្បន្ន ក្រុមណាហ្គាវើល កំពុងឈរកំពូលតារាងមាន ៤៧ពិន្ទុ និងតាមពីក្រោយដោយក្រុមការពារតំណែងជើងឯកបឹងកេត ដោយឆ្លងកាត់សប្ដាហ៍ទី១៩ ដូចគ្នាបឹងកេតមាន ៤៥ពិន្ទុឈរលេខរៀងទី២ និងក្រុមវិសាខាមាន ៤២ពិន្ទុឈរលេខរៀងទី៣ ហើយក្រុមនីមួយៗ សុទ្ធតែសល់ ៣ប្រកួតក្នុងដៃ ដើម្បីសន្សំពិន្ទុ ឆ្ពោះទៅប្រជែងពាន ។ ដូច្នេះលទ្ធផលនេះ នៅមិនទាន់កំណត់ក្រុមជើងឯកបាននៅឡើយនោះទេ ៕

អត្ថបទ៖ បុត្រា

មតិយោបល់