គួរឲ្យសសើរ! Honda កោះប្រជុំកីឡាករទាំងយប់ មុនបើកយុទ្ធនាការហ្វឹកហាត់ថ្ងៃនេះ

នូ មករា September 4, 2018


ភ្នំពេញ៖ បន្ទាប់ពីបង្កការភ្ញាក់ផ្អើលដល់អ្នកគាំទ្រ និងអ្នកសារព័ត៌មានជាតិ-អន្ដរជាតិ ចំពោះការមកដល់កម្ពុជារបស់អ្នកចាត់ការក្រុម និងជាគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាលោក Keisuke Honda កាលពីល្ងាចមិញ អតីតកីឡាករជម្រើសជាតិជប៉ុនរូបនេះ បានធ្វើរឿងគួរឲ្យកោតសរសើរមួយ គឺលោកបានកោះប្រជុំក្រុមជម្រើសជាតិកម្ពុជាទាំងយប់តែម្ដង មុនចាប់ផ្ដើមការហ្វឹកហាត់លើទីលានផ្លូវការ នាល្ងាចថ្ងៃទី០៤ ខែកញ្ញានេះ ។

Honda បានធ្វើដំណើរចាកចេញពីអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ កាលពីនាវេលាម៉ោង ៦ល្ងាចមិញ ហើយប៉ុន្មានម៉ោងក្រោយមក សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហោះនូវរូបភាពជាច្រើនជុំវិញកិច្ចប្រជុំរបស់ក្រុមជម្រើសជាតិកម្ពុជា ក្រោមការដឹកនាំរបស់លោក Keisuke Honda ដើម្បីត្រៀមបើកយុទ្ធការហ្វឹកហាត់ត្រៀមប្រកួតមិត្តភាពអន្ដរជាតិជាមួយក្រុមជម្រើសជាតិម៉ាឡេស៊ី នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ដើមសប្ដាហ៍ក្រោយ ។

ជុំវិញរូបភាពបង្កប់ដោយការយកចិត្តទុកដាក់ក្នុងកិច្ចប្រជុំនេះ ត្រូវបានអ្នកគាំទ្រមួយចំនួន សម្ដែងនូវការអគុណ ចំពោះការលះបង់របស់តារាបាល់ទាត់អន្ដរជាតិ Honda ដែលចំណាយពេលវេលាដ៏មានតម្លៃមកជួយដល់ក្រុមជម្រើសជាតិកម្ពុជា ហើយថែមទាំងមិនប្រាក់ខែថែមទៀត ។ ប៉ុន្តែទន្ទឹមជាមួយគ្នានេះ អ្នកគាំទ្រទាំងអស់ ក៏កំពុងរង់ចាំអ៊ុតមើលទ្ធផល ក្រោមការដឹកនាំលើកដំបូងរបស់គ្រូបង្វឹកថ្មីនេះផងដែរ ពិសេសគឺការជួបម៉ាឡេស៊ី នាដើមសប្ដាហ៍ផ្ទាល់តែម្ដង ។

សូមរំឮកថា Keisuke Honda មកដឹកនាំក្រុមគោព្រៃកម្ពុជា គឺមិនយកប្រាក់ខែនោះទេ ជាមួយកិច្ចសន្យារយៈពេល ២ឆ្នាំជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ។ ប៉ុន្ដែដើម្បីគោរពតាមនិយាមអន្ដរជាតិ សហព័ន្ធក៏បានសន្យាចំណាយទាំងស្រុងលើមធ្យោបាយធ្វើដំណើរទៅវិញទៅមក ការស្នាក់នៅ ការហូបចុក និងការបំពេញការងារផ្សេងៗ នៅកម្ពុជា ។ ចំពោះការហ្វឹកហាត់ថ្ងៃដំបូង នឹងចាប់ផ្ដើមល្ងាចនេះ ចន្លោះម៉ោង ៤-៦ ល្ងាច លើទីលានពហុកីឡដ្ឋានជាតិ ៕

អត្ថបទ៖ បុត្រា

មតិយោបល់